(ភ្នំពេញ)៖ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសកោះហ្គាំ នាវេលាម៉ោង ៧យប់ថ្ងៃទី២៥ ខែមិថុនាស្អែកនេះ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។ នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិក្នុងដីលើកដំបូងរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ដែលគ្រូបង្វឹក និងកីឡាការិនីកម្ពុជា រំពឹងមានអ្នកគាំទ្រច្រើនចូលរួមទស្សនា និងលើកទឹកចិត្តក្នុងការប្រកួតនេះ។
កីឡាការិនី ហ៊ា ស្រីឡាស់ បានសម្ដែងការសប្បាយចិត្ត សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិលើកដំបូងនៅកម្ពុជានេះ ហើយខ្លួន និងមិត្តរួមក្រុមបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតនេះ ជាមួយការប្ដេជ្ញានឹងព្យាយាមធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រកយតនេះ ។ ទោះបីការប្រមូលផ្ដុំមានរយៈពេលខ្លី តែមិនជាបញ្ហាសម្រាប់ក្រុមនោះទេ ដ្បិតក្រុមការងារគ្រូ និងកីឡាការិនីទាំងអស់ បានយល់គ្នាច្រើន។
ចំណែកគ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា លោក Conor Nestor បានសម្ដែងក្ដីរីករាយ ដែលបានធ្វើការជាមួយក្រុមជម្រើសជាតិនារីកម្ពុជា ហើយលោកកំពុងទន្ទឹងរង់ចាំការប្រកួតនេះដូចគ្នា។ លោកសង្ឃឹមថា នេះគឺជាការប្រកួតមួយដ៏ល្អ ដោយសារហ្គាំ គឺជាក្រុមដែលធ្លាប់បានប្រកួតជាមួយបេក្ខភាពត្រូវលេងជម្រុះជើងឯកទ្វីបអាស៊ី ក្នុងពូលជាមួយកម្ពុជា គឺក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌី ។ ដូច្នេះលោកសង្ឃឹមមានអ្នកគាំទ្រច្រើនចូលរួមទស្សនា និងលើកទឹកចិត្ដល់កីឡាការិនីកម្ពុជា ។
ដោយឡែកអ្នកស្រី Kimberly Sherman គ្រូបង្វឹកក្រុមបាល់ទាត់នារីកោះហ្គាំ បានសម្ដែងក្ដីរីករាយដូចគ្នា ដែលបានធ្វើដំណើរមកកម្ពុជា និងធ្វើការប្រកួតមិត្តភាពនៅទីនេះ។ អ្នកស្រីមើលឃើញ វិស័យបាល់ទាត់នារីនៅកម្ពុជា និងហ្គាំ មានស្ថានភាពស្រដៀងគ្នា ។ ហេតុនេះ លោកស្រីពិតជារីករាយក្នុងការប្រកួតមិត្តភាពជាមួយកម្ពុជា ដើម្បីពង្រឹងសមត្ថភាពក្រុមត្រៀមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់នារីទ្វីបអាស៊ី នាពេលដំណាលគ្នានឹងក្រុមជម្រើសជាតិនារីកម្ពុជាដែរ។
គួរដឹងថា ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្ដរជាតិខាងលើ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវបន្ដយុទ្ធនាការប្រកួតជម្រុះពានរង្វាន់ AFC Women's Asian Cup Australia 2026 ដោយស្ថិតក្នុងពូល G ជាមួយហុងកុង ហ្វីលីពីន និងអារ៉ាប់ប៊ីសាអូឌីត។ រីឯកោះហ្គាំ ស្ថិតក្នុងពូលE ជាមួយក្រុមម៉ាឌីវ, អារ៉ាប់រួម និងវៀតណាម ដែលការប្រកួតជម្រុះពានកម្រិតទ្វីបផ្នែកនារីនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ៕