(ភ្នំពេញ)៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) និងក្រុមហ៊ុនអ៊ឹមអេសអ៊ិន អេច អិនវេសម៉ិន ឯ.ក (MSNH Investment Co., Ltd) បានជ្រើសរើសស៊ីម៉ងត៍អូដ្ឋជាដៃគូ ក្នុងការសាងសង់ទីស្នាក់ការកណ្តាល ដែលមានឈ្មោះថា FTB Tower។ គម្រោងទីស្នាក់ការកណ្តាលរបស់ធនាគារ FTB បានចំណាយពេលសាងសង់ជាង ៣ឆ្នាំ មានផ្ទៃអគារសរុប ៧៧.៥៩៣ម៉ែត្រការ៉េ កម្ពស់សរុបចំនួន ២៨ជាន់ និងមានជាន់ក្រោមដីចំនួន ៤។ FTB Tower មានទីតាំងស្ថិតនៅលើដីឡូត៍លេខ A សង្កាត់មនោរម្យ ខណ្ឌ៧មករា តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅ ចំកណ្ដាលទីក្រុងភ្នំពេញ។

FTB Tower គឺជាអគារការិយាល័យកម្រិត A ដែលជាប្រភេទអគារលំដាប់ខ្ពស់ ហើយការសាងសង់នឹងត្រូវប្រើប្រាស់នូវសម្ភារៈទំនើបៗ រួមទាំងបច្ចេកវិទ្យា ចុងក្រោយបង្អស់ជាមួយស្វ័យប្រវត្តិកម្ម សុវត្ថិភាពអគ្គិភ័យ ការសន្សំសំចៃថាមពល និងការការពារបរិស្ថានស្របតាមបទប្បញ្ញត្តិ ក្នុងការសាងសង់អគារស្តង់ដាថ្នាក់ជាតិ និងតំបន់។

ស្ថិតនៅពីក្រោយសំណង់ដែលបានបង្ហាញពីភាពរឹងមាំ និងនិរន្តរភាពរបស់ធនាគារ FTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេក្នុងប្រទេសកម្ពុជា គឺការជ្រើសរើសយកស៊ីម៉ងត៍យីហោយក្សក្នុងស្រុក ស៊ីម៉ងត៍អូដ្ឋ របស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ដែលជាយីហោស៊ីម៉ងត៍ ដែលមានការនិយមប្រើប្រាស់ពីសំណាក់ជាងសំណង់ និងបណ្តាការដ្ឋានសំណង់ជាច្រើនក្នុងប្រទេស។ យ៉ាងណាមិញ មិនត្រឹមជឿជាក់លើគុណភាព ដែលពេញនិយមលើទីផ្សារនោះទេ ថ្មីៗនេះកាលពីថ្ងៃទី១៩ មិថុនាកន្លងទៅ ថ្នាក់ដឹកនាំធនាគារ FTB បានធ្វើទស្សនកិច្ចក្នុងរោងចក្រ ស៊ីម៉ងត៍អូដ្ឋ ដែលមានទីតាំងស្ថិតក្នុង ខេត្តកំពត។

ក្នុងដំណើរទស្សនកិច្ចខាងលើថ្នាក់ដឹកនាំធនាគារ FTB បានឃើញពីការអនុវត្តជាក់ស្តែង ក្នុងដំណើរការផលិតស៊ីម៉ងត៍របស់រោងចក្រ ដែលបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ មកពីអឺរ៉ុបស្តង់ដាលំដាប់ពិភពលោកដ៏ទំនើប និងមានទំហំធំជាងគេ ហើយក៏ជាក្រុមហ៊ុនដែលផលិតបានស៊ីម៉ងត៍ ដែលមានគុណភាពល្អដាច់គេផងដែរក្នុងប្រទេសកម្ពុជា។

នាឆ្នាំ២០២៥នេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយការដាក់រង្វាន់ជាលុយសុទ្ធនៅក្នុងបាវ ក៏ដូចជាមានសន្លឹកឆ្នោតផ្សងសំណាងយករង្វាន់ធំដូចជារថយន្ត ម៉ូតូ និងទូរសព្ទជាច្រើនរង្វាន់ទៀត។ ក្រុមហ៊ុន ជីប ម៉ុងអ៊ិនស៊ី ដែលមានក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនមេ បានវិនិយោគទឹកប្រាក់ជិត ៣០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សនេះឡើងមក។

សូមជម្រាបថា ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ បានឈរជើងលើទីផ្សារជាងពីរទស្សវត្សមកហើយ និងជារោងចក្រដែលវិនិយោគឡើងដោយកូនខ្មែរពិតៗ និងធានាបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដាលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់តជំនាន់៕