(ភ្នំពេញ)៖ ​O-1B ជាទិដ្ឋាការមិនមែនអន្តោប្រវេសន៍ សម្រាប់បុគ្គលដែលមានសមត្ថភាពមិនធម្មតា នៅក្នុងវិស័យសិល្ប: ឬបុគ្គលដែលអាចបង្កើតសមិទ្ធផលធំៗជាច្រើន នៅក្នុងវិស័យទូរទស្សន៍ ភាពយន្ត ឬឧស្សាហកម្មភាពយន្តជាដើម នៅក្នុងការចូលរួមសម្តែង ឬបង្ហាញសមត្ថភាពនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ជាឧទាហរណ៍បុគ្គលដែលអាចមានលក្ខណៈគ្រប់គ្រាន់ ក្នុងការទទួលបានទិដ្ឋាការ O-1B នេះ គឺអាចជាអ្នកដឹកនាំរឿងដែលឈ្នះពានរង្វាន់ តួសម្តែងដែលមានការទទួលស្គាល់ទូលំទូលាយ រួមទាំងសិល្បករ-សិល្បការិនី ដែលកំពុងតែផ្ទុះភាពល្បីល្បាញខ្លាំងជាដើម។

ទិដ្ឋាការ O-1B មិនមែនសម្រាប់តែបុគ្គលនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ វាជាទិដ្ឋាការការងារបណ្តោះអាសន្ន សម្រាប់បុគ្គលដែលមានសមត្ថភាពដអស្ចារ្យក្នុងវិស័យសិល្បៈ ឬអាចបង្កើតសមិទ្ធផលដ៏អស្ចារ្យអ្វីមួយ ក្នុងវិស័យភាពយន្ត ឬទូរទស្សន៍ ដែលមានបំណងចង់ធ្វើការ នៅសហរដ្ឋអាមេរិក។ មែនទែនទៅទិដ្ឋាការប្រភេទ O-1B ហាក់មានភាពលំបាកក្នុងការទទួលបានណាស់ ចាំបាច់ត្រូវតែមានសមត្ថភាពខ្ពស់ និងមានភាពល្បីល្បាញ ដែលត្រូវបានទទួលស្គាល់ជាលក្ខណ:អន្តរជាតិ។

យ៉ាងណាមិញ បុគ្គលល្បីៗឈ្មោះមួយចំនួន នៅជុំវិញពិភពលោក ក្នុងនោះរួមមានតារាចម្រៀងសញ្ជាតិកាណាដា Justin Bieber, The Weekend, តារាចម្រៀង Central Cee សញ្ជាតិអង់គ្លេស, តារាចម្រៀងអាហ្វ្រិកខាងត្បូង Tyla រួមទាំងសមាជិកក្រុម K-Pop របស់កូរ៉េខាងត្បូងដ៏ល្បីល្បាញ BTS ដូចជា Jungkook និង J hope សុទ្ធសឹងតែមានលក្ខណ:សម្បត្តិទទួលបានទិដ្ឋការ O-1B នេះ ដើម្បីធ្វើការ ឬសម្តែងនៅសហរដ្ឋអាមេរិក។

ដោយឡែកអ្វីដែលគួរឲ្យ​ស្ងើច​សរសើរទៀតនោះ គឺកាលពីពេលថ្មីៗនេះ តារាចម្រៀង N.JOHN ដែលជាកូនប្រុសរបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ក៏ទទួលបានទិដ្ឋាការ O-1B ដ៏ពិសេសនេះផងដែរ។ ថ្លែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក N.JOHN បានបង្ហាញការអរគុណទៅកាន់អ្នករាល់គ្នា ដែលអាចធ្វើឲ្យក្តីសុបិនរបស់ខ្លួនក្លាយជាការពិត ហើយរូបគេកំពុងឆ្ពោះទៅរកការបង្កើតនូវស្នាដៃថ្មីៗ លើការងារក្នុងវិស័យតន្ត្រី ឲ្យកាន់តែមានភាពលេចធ្លោបន្ថែមទៀត នៅក្នុងទឹកដីនៃសហរដ្ឋអាមេរិក៕