(ភ្នំពេញ)៖ លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរ ចំពោះក្រុមហ៊ុនវ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បេវើរីច ភីធីអ៊ី អិលធីឌី (Yhs (Cambodia) Food & Beverage Pte Ltd) (Yeo's) ដែលមានដើមកំណើតពីប្រទេសសិង្ហបុរី ដែលបានបង្ហាញពីបំណងចួលរួមជាមួយរាជរជ្ឋាភិបាល ក្នុងកម្មវិធីគម្រោងយុទ្ធនាការលើកកម្ពស់ សុវត្ថិភាពចំណីអាហារ តាមគ្រិះដ្ឋានសិក្សា ប្រមាណ២០០សាលា ទូទាំងប្រទេស ដែលជាការចូលរួមលើកកម្ពស់ការយល់ដឹង ស្ដីពីការទទួលទានភេសជ្ជៈមានជាតិស្ករតិច ដល់សិស្សានុសិស្សដែលរៀននៅសាបឋមសិក្សា និងអនុវិទ្យាល័យ នៅក្នុងរាជធានី ភ្នំពេញ និងតាមខេត្តគោលដៅមួយចំនួន។

ការថ្លែងកោតសរសើរពីសំណាក់លោកស្រីបណ្ឌិត រដ្ឋលេខាធិការប្រចាំការរូបនេះ គឺបានធ្វើឡើងក្នុងឱកាសដែលថ្នាក់ដឹកនាំ និងសមាជិក-សមាជិការបស់ក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បេវើរីច ភីធីអ៊ី អិលធីឌី ចូលរួមសម្ដែងការគួរសមពិភាក្សាការងារ និងចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រីបណ្ឌិត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការចូលរួមនេះ គឺពិតជាមានសារសំខាន់ណាស់ពីវិស័យឯកជន ដែលបានដើរស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងអាណត្តិថ្មី ក្នុងការជួយជំរុញវិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង។ ការចូលរួមពីវិស័យឯកជននេះ គឺយើងជឿជាក់ថា ការអប់រំគឺជាគ្រឹះសម្រាប់ការអភិវឌ្ឍន៍ ធ្វើឱ្យសហគមន៍រឹងមាំ និងប្រទេសជាតិមានការរីកចំរើន។

លោកស្រីបណ្ឌិត រដ្ឋលេខាធិការប្រចាំការរូបនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បេវើរីច ភីធីអ៊ី អិលធីឌី ដែលបានជួយគាំទ្រនូវកម្មវិធីខាងលើ ហើយនឹងបន្តគាំទ្រនូវកម្មវិធីថ្មីៗជាច្រើនទៀត ដែលក្រសួងបានដាក់ចេញប្រកបដោយចីរភាព គុណភាព និងភាពស្និទ្ធស្នាល ដើម្បីកុមាររបស់យើងមានសុខភាពល្អ ឈានឆ្ពោះទៅសម្រេចគោលដៅ កសាងធនធានមនុស្សឲ្យកាន់តែរឹងមាំ នៃប្រទេសជាតិរបស់យើង។

ដោយឡែកលោកស្រី ហេង សុទ្ធាវី អគ្គនាយិការក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បេវើរីច ភីធីអ៊ី អិលធីឌី បានថ្លែងថា លោកស្រីពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមជាមួយក្រសួងអប់រំយុវជន និងកីឡា។ ក្នុងនាមលោកស្រីជាតំណាងឲ្យ ក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ក្នុងការជួយជំរុញវិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង។ យើងជឿជាក់ថា ការអប់រំគឺជាគ្រឹះសម្រាប់ការអភិវឌ្ឍន៍ ធ្វើឱ្យសហគមន៍រឹងមាំ និងប្រទេសជាតិមានការរីកចំរើន។

លោកស្រីបន្តថា ការចូលរួមចែករំលែកដល់សហគមន៍ គឹជាផ្នែកមួយដែលក្រុមហ៊ុនយ៉ូស តែងតែយកចិត្តទុកដាក់ និងបន្តធ្វើឡើងជារៀងរាល់ឆ្នាំ។
ដោយឡែកសំរាប់កម្មវិធីនៅព្រឹកនេះ គឺជាផ្នែកមួយដែលយើងចង់ចូលរួមលើកស្ទួយវិស័យអប់រំ តាមរយៈយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សា ដោយក្រុមហ៊ុននឹងធ្វើការចែកជូនភេសជ្ជៈយ៉ូស ដល់សិស្សានុសិស្ស កំរិតបឋម និងអនុវិទ្យាល័យ និងលោកគ្រូអ្នកគ្រូ សរុបទាំងអស់ចំនួន ៣០ម៉ឺននាក់ នៅសាលាគោលដៅចំនួន ២០០សាលា។ យើងនឹងបន្តធ្វើការជាមួយគ្នា ដើម្បីលើកស្ទួយការអប់រំនៅកម្ពុជា៕