(ភ្នំពេញ)៖ ដើម្បីគាំទ្រសេវាថែទាំសុខភាព ដោយឥតគិតថ្លៃដល់កុមារកម្ពុជា ធនាគារ វីង បានបរិច្ចាគថវិកាដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងឱកាសប្រកបដោយអត្ថន័យ នៃការប្រារព្ធទិវាកុមារអន្តរជាតិ ធនាគារ វីង បានចូលរួមបរិច្ចាគថវិកាចំនួន ៥,០០០ដុល្លារអាមេរិកសម្រាប់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីគាំទ្រដល់បេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់សេវាថែទាំសុខភាពដល់កុមារ និងស្ត្រីមានផ្ទៃពោះនៅទូទាំងកម្ពុជាដោយឥតគិតថ្លៃ។
ក្រោមការផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា យុទ្ធនាការនេះបង្ហាញពីស្មារតី «ខ្មែរជួយខ្មែរ» លើកទឹកចិត្តដល់ការរួមចំណែករួមពីសាធារណជនគ្រប់មជ្ឈដ្ឋាន ដើម្បីទ្រទ្រង់បេសកកម្មសង្គ្រោះអាយុជីវិតរបស់មន្ទីរពេទ្យគន្ធបុប្ផា។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់មិនគិតពីភាពនឿយហត់ របស់ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យគន្ធបុប្ផា។ ការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យទាំងអស់ បានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាជាច្រើន ហើយយើងខ្ញុំពិតជាមានមោទនភាពក្នុងការគាំទ្រ ចំពោះបុព្វហេតុដ៏មានតម្លៃនេះ»។
កាលពីឆ្នាំមុន មន្ទីរពេទ្យគន្ធបុប្ផា ដែលមានទីតាំងនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប បានផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺជាង ១លាននាក់។ ជាមួយនឹងការចំណាយថវិកាប្រតិបត្តិការប្រមាណជា ៤៣ លានដុល្លារក្នុងមួយឆ្នាំ មន្ទីរពេទ្យនេះពឹងផ្អែកលើការបរិច្ចាគទាំងស្រុងពីសប្បុរសជន ដើម្បីធានាថាគ្មានកុមារណាគ្រប់រូបទទួលបានការព្យាបាលដូចៗគ្នា ទោះមានជីវភាពខ្វះខាតក៏ដោយ។
លោក ហោ ប៊ុនថែ បានបន្ថែមថា «ការទ្រទ្រង់សេវាថែទាំសុខភាពឥតគិតថ្លៃទៅដល់កុមារកម្ពុជា គឺទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។ រាល់ការបរិច្ចាគ ទោះតិច ឬច្រើនក្តី គឺជាកម្លាំងសាមគ្គីដ៏ចាំបាច់ ដើម្បីជួយសង្រ្គោះជីវិតមនុស្ស និងលើកកម្ពស់សុខមាលភាពក្នុងសហគមន៍ឱ្យកាន់តែប្រសើរ»។
ការបរិច្ចាគរបស់ធនាគារ វីង ត្រូវបានប្រគល់ជូនក្នុងកំឡុងព្រឹត្តិការណ៍បើកយុទ្ធនាការកាលពីចុងពេលកន្លងទៅនេះ។ ធនាគារ វីង គឺជាអ្នកគាំទ្រដ៏ជាប់លាប់នៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០២១មកម្ល៉េះ។
ជាមួយគ្នានេះ សាធារណជនក៏អាចចូលរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយបរិច្ចាគតាមរយៈ KHQR របស់ធនាគារ វីង ខាងក្រោម។ ថវិកាបរិច្ចាគទាំងអស់ នឹងចូលទៅក្នុងគណនីមន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ ដើម្បីទ្រទ្រង់បេសកកម្មដ៏មានតម្លៃនេះឱ្យនៅឋិតឋេរយូរអង្វែង៕