(បរទស)៖ លោក Pavel Durov ជានាយកប្រតិបត្តិរបស់កម្មវិធីផ្ញេីសារ Telegram ដែលមានទ្រព្យសម្បត្តិជាង ១៣.៩ពាន់លានដុល្លារ (ខ្លះរាយការណ៍ថាអាចដល់ទៅ ១៧.១ ពាន់លានដុល្លារ) នោះបានប្រកាសថា នឹងទុកទ្រព្យសម្បត្តិចែកឲ្យដល់កូនជាង១០០នាក់របស់ខ្លូន ដែលរស់នៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោក។
តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកមានកូនបង្កេីត៦នាក់ និងកូនៗជាង ១០០នាក់ផ្សេងទៀត ដែលកើតចេញពីមេជីវិតឈ្មោល ដែលលោកបានបរិច្ចាគអស់រយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ។ ការចែកចាយទ្រព្យសម្បត្តិនេះ គឺកូនទាំងអស់នឹងទទួលបានភាគហ៊ុនដូចគ្នា ដោយគ្មានការរើសអើងថា ជាកូនសាច់បង្កើត ឬតាមការបរិច្ចាគមេជីវិតឈ្មោលនោះទេ។ មហាសេដ្ឋីសញ្ជាតិរុស្ស៊ីរូបនេះ បានចែករំលែកព័ត៌មានខាងលេី ក្នុងបទសម្ភាសមួយកាលពីថ្ងៃទី១៩ ខែមិថុនា ជាមួយទស្សនាវដ្តីបារាំង Le Point។
លោកបញ្ជាក់ថា លោកនឹងបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួន ទៅឲ្យកូនៗ នៅក្នុងរយ:ពេល៣០ឆ្នាំខាងមុខ ព្រោះលោកចង់ឲ្យពួកគេរៀនរស់នៅ ដូចមនុស្សធម្មតា អភិវឌ្ឍខ្លួនឯង រៀនជឿជាក់លើខ្លួនឯង និងចេះបង្កើតអ្វីសម្រាប់ខ្លួនឯង មិនមែនពឹងផ្អែកតែលើលុយលោកនោះឡើយ។
គួរជម្រាបថា នេះជាករណីមិនធម្មតា ចំពោះអ្នកមានទ្រព្យសម្បត្តិក្នយងវិស័យបច្ចេកវិទ្យា។ លោក Durov បានសម្រេចចិត្តចែកទ្រព្យសម្បត្តិរបស់គាត់ ឲ្យកូនច្រើនៗក្នុងវិធីសាស្ត្រមិនធម្មតា ហើយពន្យារឱកាសទទួលបានទ្រព្យសម្បត្តិរហូតដល់ពេលពួកគេចាស់៕