(ភ្នំពេញ)៖ ក្រុមជម្រើសជាតិនារីកម្ពុជា បានយកឈ្នះក្រុមជម្រើសកោះហ្គាំ ដោយលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរាត្រីថ្ងៃពុធកន្លងទៅ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។ ជ័យជម្នះនេះ បានក្លាយជាការបើកទំព័រប្រវត្តិសាស្ដ្រដ៏ល្អ សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិលើកដំបូងលើទឹកដីរបស់ខ្លួន។

ជំនួបដ៏ជក់ចិត្តដែលមិនសូវមានអ្នកគាំទ្រចូលទស្សនាផ្ទាល់នេះ ក្រុមជម្រើសជាតិនារីកម្ពុជា បានសាងភាពភ្ញាក់ផ្អើល ជាមួយការបង្ហាញគុណភាពលេងដ៏ល្អ ទាំងកម្លាំង និងបច្ចេកទេស ដែលមានប្រៀបច្រើនលើគូប្រជែង ទោះបីកីឡាការិនីហ្គាំ មានមាឌធំជាងបន្ដិចក្ដី។ ក្រោយចាប់ផ្ដើមបាន ១៥នាទី ក្រុមជម្រើសជាតិនារីកម្ពុជា ក៏រកបានគ្រាប់នាំមុខ ១គ្រាប់មុន ដោយកីឡាការិនី សឿន វិផា ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង បន្ទាប់ពីការព្យាយាមដាក់សម្ពាធ និងមានឱកាសស៊ុតជាច្រើនលើក តែកីឡាការិនីកម្ពុជា មិនអាចស្វែងរកគ្រាប់បាល់បន្ថែម។

ជ័យជម្នះនេះ បានធ្វើឲ្យអ្នកគាំទ្រមានការស្ងើចសរសើរ ចំពោះការខិតខំប្រឹងរបស់ក្រុមកីឡាការិនីកម្ពុជា ហើយសង្ឃឹមថា ពួកគេនឹងធ្វើបានកាន់តែល្អ សម្រាប់ការប្រកួតផ្លូវការចំពោះមុខ គឺការប្រកួតជម្រុះជើងឯកបាល់ទាត់នារីទ្វីបអាស៊ី AFC Women's Asian Cup Australia 2026 ដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូលG ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ ដោយត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវហុងកុង ហ្វីលីពីន និងអារ៉ាប់ប៊ីសាអូឌីត៕