(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកាណាដា BlackBerry បានបង្កើនការព្យាករណ៍ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន ដោយរំពឹងថានឹងមានតម្រូវការខ្ពស់សម្រាប់សេវាកម្មសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត (cybersecurity) របស់ខ្លួនចំពេលឧក្រិដ្ឋកម្មអនឡាញកំពុងកើនឡើងខ្លាំង។ ដំណឹងនេះ បានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលចុះបញ្ជីនៅសហរដ្ឋអាមេរិកបានកើនឡើង ៦%។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

ការកើនឡើងនៃបទឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត និងការវាយប្រហារតាមអ៊ីនធឺណិត បានជំរុញឱ្យក្រុមហ៊ុននានាវិនិយោគយ៉ាងច្រើនលើ cybersecurity ដែលផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនដូចជា BlackBerry ដែលផ្តល់សេវាកម្មសន្តិសុខ។ អ្នកវិភាគបានលើកឡើងថា សេវាកម្ម cybersecurity នៅតែមិនសូវរងផលប៉ះពាល់ពីភាពប្រែប្រួលនៃការចំណាយជាទូទៅ ហើយទំនងជានឹងបន្តជាអាទិភាពវិនិយោគកំពូលសម្រាប់អតិថិជន។

BlackBerry បានព្យាករណ៍ថា ប្រាក់ចំណូលសម្រាប់ឆ្នាំសារពើពន្ធ ២០២៦ នឹងស្ថិតក្នុងចន្លោះពី ៥០៨ លានដុល្លារ ទៅ ៥៣៨ លានដុល្លារ ដែលកើនឡើងពីការព្យាករណ៍ពីមុន។ លើសពីនេះ ប្រាក់ចំណូលសម្រាប់ផ្នែកទំនាក់ទំនងសុវត្ថិភាពរបស់ខ្លួន ក៏ត្រូវបានរំពឹងថានឹងកើនឡើងដល់ចន្លោះពី ២៣៤ លានដុល្លារ ទៅ ២៤៤ លានដុល្លារផងដែរ។

គួរជម្រាបថា សម្រាប់ត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ប្រាក់ចំណូលរបស់ក្រុមហ៊ុន BlackBerry ដែលមានមូលដ្ឋាននៅ Waterloo មានចំនួន ១២១,៧ លានដុល្លារ ទាបជាង ១២៣,៤ លានដុល្លារ ដែលបានរាយការណ៍កាលពីឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលពីអាជីវកម្ម QNX របស់ខ្លួនបានកើនឡើង ៨,១% ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ ៥៧,៥ លានដុល្លារ ខណៈដែលប្រាក់ចំណូលពីផ្នែកទំនាក់ទំនងសុវត្ថិភាពរបស់ខ្លួនបានធ្លាក់ចុះ ៧,៣% មកត្រឹម ៥៩,៥ លានដុល្លារ ក្នុងត្រីមាសទីមួយ៕