(បរទេស)៖ លោក Pep Guardiola អ្នកចាត់ការទូទៅក្លិបមេឃខៀវ Manchester City បានថ្លែងថា ក្រុមរបស់លោករងគ្រោះដោយសារតែអាកាសធាតុក្តៅខ្លាំងនៅក្នុងរដ្ឋ Orlando ជាទីតាំងដែលកូនក្រុមរបស់លោក ត្រូវប៉ះសេះបង្កង់ Juventus ដើម្បីបិទបញ្ចប់ពូល G នៅកម្មវិធី FIFA Club World Cup 2025។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បានជឿជាក់ថា បញ្ហាកំដៅកាន់តែកើនឡើងបែបនេះ វាអាចជះឥទ្ធិពលដល់ព្រឹត្តិការណ៍ World Cup នាឆ្នាំក្រោយនេះដែរ ដែលមានសហរដ្ឋអាមេរិក ធ្វើសហម្ចាស់ផ្ទះជាមួយមិចស៊ិក និងកាណាដា ដោយមានដល់ ៤៨ប្រទេស (ក្រុម) ចូលរួម។

លោក Pep បានថ្លែងក្នុងសន្និសីទ មុនជំនួបទល់នឹងក្រុមមកពីអ៉ីតាលី Juventus នៅរាត្រីនេះដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «មេឃខៀវ ត្រូវតែរៀបចំខ្លួន ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងអាកាស់ធាតុក្តៅផងដែរ ក្រៅតែពីប្រជែង ៣ពិន្ទុជាមួយសេះបង្កង់ទៀតនោះ»

ជាការកត់សម្គាល់ផងដែរ សីតុណ្ហភាពនាពេលអំឡុងធ្វើសន្និសីទកាលពីពុធម្សិលមិញមានប្រហែល ៣១អង្សា នៅវេលាម៉ោងប្រហែល ៥ល្ងាចនៅសហរដ្ឋអាមេរិក ក៏ប៉ុន្តែត្រូវបានគេព្យាករណ៍អាចកើនដល់ ៣៣អង្សានាអំឡុងម៉ោងរសៀលនៅពេលចាប់ផ្តើមប្រកួតរវាងក្រុមកក់កៅអីទៅវគ្គ ១៦ក្រុមទាំង ២ខាងលើ៕