(ភ្នំពេញ)៖ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក មានកិត្តិយសបានបើកសម្ពោធទីតាំងថ្មីជាផ្លូវការនៅសាខាដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ដែលជាការបោះជំហានទៅមុខមួយកម្រិតបន្ថែមទៀតក្នុងការផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏ល្អប្រសើរបំផុតជូនដល់អតិថិជនទូទាំងប្រទេស។
ការបើកសម្ពោធទីតាំងថ្មីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីតាំងថ្មីដែលស្ថិតនៅអគារលេខ១២៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កម្មវិធីនេះក៏បានប្រព្រឹត្តិទៅដោយមានការចូលរួមជាច្រើនកុះករពីភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម រួមនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីអបអរសាទរការបើកសម្ពោធទីតាំងថ្មីនេះផងដែរ។
សាខាដូនពេញដែលជាទីតាំងថ្មីនេះ ត្រូវបានរចនាឡើងប្រកបដោយភាពទំនើបស៊ីវិល័យដោយផ្តោតលើតម្រូវការរបស់អតិថិជនជាចម្បង ដើម្បីបំរើនូវសេវាកម្មធនាគារក្នុងតំបន់ដ៏មមាញឹកនៃទីក្រុងភ្នំពេញ។ ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធី មានភាពសប្បាយរីករាយជាខ្លាំងជាមួយការផ្តល់ជូនពិសេសៗជាច្រើនក្នុងអំឡុងនៃកម្មវិធីនេះ។
លោក Nguyen Anh Khanh អគ្គនាយកនៃធនាគារ អ៊ឹមប៊ី ខេមបូឌា បានថ្លែងនៅក្នុងកម្មវិធីថា «ការបើកសម្ពោធសាខាដូនពេញនេះ គឺជាការប្តេជ្ញាយ៉ាងមុតមាំរបស់យើងក្នុងការផ្តល់ជូនសេវាកម្មធនាគារដ៏ល្អប្រសើរបំផុតជូនដល់អតិថិជន ដៃសហការ និងសហគមន៍របស់យើង»។
នៅក្នុងកម្មវិធីសម្ពោធនេះដែរ ថ្នាក់ដឹកនាំរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា បានស្វាគមន៍ភ្ញៀវកិត្តិយសដែលបានចូលរួមដោយផ្ទាល់ ថែមទាំងបានណែនាំអំពីដំណោះស្រាយហិរញ្ញវត្ថុធនាគារប្រកបដោយភាពច្នៃប្រឌិតដើម្បីជួយសម្រួលដល់តម្រូវការរបស់អតិថិជននិងម្ចាស់អាជីវកម្មទូទាំងប្រទេសកម្ពុជា។
ធនាគារ អ៊ឹមប៊ី ខេមបូឌា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវកិត្តិយសទាំងអស់ដែលចូលរួមក្នុងកម្មវិធីសម្ពោធទីតាំងថ្មីនេះ ក៏ដូចជាបានត្រៀមខ្លួនរួចរាល់ក្នុងការបន្តផ្តល់ជូននូវសេវាកម្មធនាគារប្រកបដោយការច្នៃប្រឌិត និងទំនុកចិត្ត៕