(បរទេស)៖​ លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Blue Origin ត្រូវបានរាយការណ៍ថា​ បានជជែកគ្នាជាមួយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីពង្រឹងកិច្ចសហការណ៍ និងទទួលបានកុងត្រាថ្មីៗបន្ថែមទៀត​ ពីរដ្ឋាភិបាលសម្រាប់បេសកកម្មអវកាសរបស់ក្រុមហ៊ុន។ ក្រៅពីនេះ​ លោក Dave Limp នាយកប្រតិបត្តិនៃ Blue Origin ក៏បានទៅជួបជាមួយជំនួយការលោកត្រាំផងដែរ។​ ព័ត៌មាននេះត្រូវបានផ្សាយចេញដោយកាសែត The Wall Street Journal និងសារព័ត៌មាន​ Reuters នៅថ្ងៃទៅ២៦​ ខែមិថុនា​ ឆ្នាំ២០២៥។

ការជជែកគ្នានេះកើតឡើងក្នុងបរិបទ​ ដែលមានភាពតានតឹងកើនឡើងរវាងលោក Trump និង Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX​ បន្ទាប់ពីការរិះគន់គ្នាជាសាធារណៈរវាងអ្នកទាំងពីរ។ អ្នកវិភាគសន្និដ្ឋានថា លោក Bezos កំពុងស្វែងរកឱកាសបន្តបន្ទាប់ ដើម្បីបញ្ចូលខ្លួនជាគូប្រជែងដ៏សំខាន់ជាមួយ​ SpaceX ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងវិស័យយានអវកាសសហរដ្ឋអាមេរិក។

សម្រាប់ស្ថានភាពបច្ចុប្បន្ន​ គេបានដឹងថា​ SpaceX មានកិច្ចសន្យាជាមួយកងទ័ពអាកាសសហរដ្ឋអាមេរិកប្រហែល ៥.៩ពាន់លានដុល្លារ និងផ្តល់សេវាឡើងទៅអវកាសជាង ១៧០ ដងក្នុងឆ្នាំនេះ។​ ខណៈដែល Blue Origin មានតែប្រហែល ២.៤ពាន់លានដុល្លារ និងបានបើកដំណើរការ New Glenn តែមួយដងប៉ុណ្ណោះ។

តាមការចេញផ្សាយបានឲ្យដឹងថា​ Blue Origin ក៏អាចសហការជាមួយគម្រោងថ្មីៗ រួមទាំងបេសកកម្មទៅឋានព្រះច័ន្ទដែលលោក Trump ចង់អនុវត្តក្នុងអាណត្តិរបស់លោកផងដែរ។ ដូច្នេះលោក Bezos កំពុងប្រើយុទ្ធសាស្ត្រនយោបាយ ដើម្បីបង្កើនឱកាសប្រជែងក្នុងវិស័យអវកាស ជាពិសេសស្របពេលមានការបែកបាក់រវាង Trump និង Musk៕