(បរទេស)៖ កាសែត Wall Street Journal បានចុះផ្សាយថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Meta លោក Mark Zuckerberg បានជួលអ្នកស្រាវជ្រាវចំនួន ៣ រូបពីក្រុមហ៊ុន OpenAI ដើម្បីចូលរួមជាមួយក្រុម «superintelligence» របស់ខ្លួន។ ខណៈដំណឹងនេះកើតឡើង បន្ទាប់ពីប៉ុន្មានថ្ងៃដែលនាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman បានចោទប្រកាន់ម្ចាស់ Facebook ថាបានព្យាយាមទាញយកបុគ្គលិករបស់ខ្លួន។ នេះបើយោងតាមការចេញចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

អ្នកនាំពាក្យរបស់ OpenAI បានបញ្ជាក់ពីការចាកចេញរបស់បុគ្គលិកទាំងបីរូបនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអ្វីឡើយ។ ចំណែកឯ Meta នៅមិនទាន់មានការឆ្លើយតបទៅនឹងសំណើសុំការអត្ថាប្បាយពី Reuters នោះទេ។

របាយការណ៍ពី WSJ ដដែលបានឱ្យដឹងថា អ្នកស្រាវជ្រាវទាំងបីរូបដែល Meta បានជួលនោះរួមមានលោក Lucas Beyer, លោក Alexander Kolesnikov និងលោក Xiaohua Zhai ដែលអ្នកទាំងបីសុទ្ធតែធ្លាប់ធ្វើការនៅការិយាល័យ OpenAI ក្នុងទីក្រុង Zurich ។ ទាក់ទិននឹងរបាយការណ៍នេះ កាលពីសប្តាហ៍មុន លោក Altman បាននិយាយថា Meta បានផ្តល់ប្រាក់រង្វាន់រហូតដល់ ១០០ លានដុល្លារ ដល់បុគ្គលិករបស់លោកដើម្បីទាក់ទាញពួកគេ។

គួររំលឹកថា Meta ធ្លាប់ជាក្រុមហ៊ុនឈានមុខគេផ្នែក open-source AI ប៉ុន្តែមួយរយៈចុងក្រោយនេះ ក្រុមហ៊ុនបានបាត់បង់បុគ្គលិក និងពន្យារពេលក្នុងការដាក់ឱ្យប្រើប្រាស់គំរូ AI ថ្មីៗ ដែលអាចប្រជែងជាមួយ Google, OpenAI និង DeepSeek របស់ចិន។ លោក Altman ក៏បានបន្ថែមដែរថា «ខ្ញុំបានឮថា Meta ចាត់ទុកយើងជាគូប្រជែងដ៏ធំបំផុតរបស់ពួកគេ»

គួរជម្រាប​ថា ថ្មីៗនេះ Meta ក៏បានជួលនាយកប្រតិបត្តិ(CEO) Scale AI វ័យ ២៨ ឆ្នាំ លោក Alexandr Wang ឱ្យមកធ្វើការលើគម្រោង «superintelligence» របស់ខ្លួន ហើយថែមទាំងបានបណ្ដាក់ទុនចំនួប ១៤.៣ ពាន់លានដុល្លារ ដើម្បីកាន់កាប់ភាគហ៊ុន ៤៩% នៅក្នុង Scale AI ទៀតផង។ បច្ចុប្បន្ន Meta កំពុងព្យាយាមបង្ហាញពីការផ្លាស់ប្តូរដ៏ធំមួយ ខណៈដែលរបាយការណ៍បានលើកឡើងថា លោក Zuckerberg កំពុងបង្កើតក្រុមអ្នកជំនាញដើម្បីសម្រេចបាននូវអ្វីដែលហៅថា «បញ្ញាសិប្បនិម្មិតទូទៅ»«artificial general intelligence» (AGI)៕