(បរទេស)៖ ក្រុមជើងឯកលីគអង់គ្លេស Liverpool បានចុះកិច្ចសន្យាទិញខ្សែការពារឆ្វេង Milos Kerkes ពីក្លិបរួមលីគ AFC Bournemouth ក្នុងតម្លៃ ៤០លានផោន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករអន្តរជាតិហុងគ្រី វ័យ ២១ឆ្នាំរូបនេះ បានក្លាយជាសមាជិកថ្មីទី៣ ជាមួយហង្សក្រហម ក្រោយការមកដល់របស់ខ្សែការពារស្លាបស្តាំ Jeremie Frimpong និងខ្សែបម្រើ Florian Wirtz ដោយសរុបការចាយអស់ប្រមាណ ១៧០លានផោនហើយ។

លោក Nedum Onuoha ធ្លាប់បានបរិយាយថា Milos Kerkes គឺជាខ្សែការពារស្លាបឆ្វេងដ៏ល្អមួយរូបនៅក្របខណ្ឌ Premier League នៅពេលកីឡាករយុវជនរូបនេះបានព្រមព្រៀងចុះកិច្ចសន្យាលេងនៅកីឡដ្ឋាន Anfield រយៈពេល ៥ឆ្នាំ។

ជាបន្ត Liverpool នឹងចុះកិច្ចសន្យាជាមួយអ្នកចាំទីរបស់ហ្ស៊កហ្ស៊ី Giorgi Mamardashvili ក្នុងរដូវកាលនេះ ដោយបានព្រមព្រៀងគ្នាជាមួយក្លិប Valencia រួចរាល់ផងដែរ ក្នុងតម្លៃប្រមាណ ២៥លានផោន បូករួមទាំងប្រាក់បន្ថែម ៤លានផោនទៀតដែរ៕