(បរទេស)៖ Manchester City បានសាងប្រវត្តិសាស្រ្តថ្មីនៅ FIFA Club World Cup 2025 តាមរយៈពេល ៣ប្រកួតក្នុងពូល G មិនចាញ់ឡើយ ពោលគឺបានបំបាក់គូប្រជែង Juventus ៥ទល់នឹង២ នៅថ្ងៃបិទបញ្ចប់វគ្គសន្សំពិន្ទុថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ស្ថិតក្នុងការប្រកួតការលេង ៩០នាទីពេញនៅកីឡដ្ឋាន Camping World នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់ផងនោះ ក្រុមរបស់មកពីលីគអង់គ្លេសដែលជាម្ចាស់ជើងឯក CWC ដំបូងរបស់ខ្លួន និងចុងក្រោយគេកាលឆ្នាំ២០២៣ នោះ បានស៊ុតនាំមុខក្រុមទៅពីលីគ Serie A គឺក្រុមសេះបង្កង់ ដល់ទៅ ៤-១ គិតត្រឹមនាទី៧៥ ។
តារាជើងស៊ុត Erling Haaland ក៏រកបាន ១គ្រាប់ផងដែរ នៅនាទី៥២ ដែលជាគ្រាប់បាល់ទី៣០០ ក្នុងអាជីពបាល់ទាត់របស់គេទៀតផង។ ហើយជាការកត់សម្គោលគិតត្រឹមពេលនេះ Haaland ដែលត្រូវបានក្លិបអង់គ្លេស Man City ទិញពី Borussia Dortmund រកបាន ២៥៨គ្រាប់ហើយសម្រាប់ក្លិប និង ៤២គ្រាប់ផ្សេងទៀតជាមួយជម្រើសជាតិន័រវេស។
Man City ដែលឈរនៅលេខ១ ប្រចាំពូល G ត្រូវបន្តសា្នក់នៅក្នុងរដ្ឋ Orlando សហរដ្ឋអាមេរិកជាបន្តទៀត រង់ចាំគូប្រកួតវគ្គ ១៦ក្រុមនាថ្ងៃចន្ទសប្តាហ៍ក្រោយ ដែលត្រូវប៉ះក្រុម Al-Hilal ជាក្រុមឈរលេខ២ ចេញពីពូល H រីឯក Real Madrid ប៉ះក្រុម Juventus ក្លាយជាជំនួបដ៏ក្តៅនឹងជក់ចិត្តជាងគេក្នុងវគ្គ ១៦ក្រុមបន្តនេះ ៕