(ភ្នំពេញ)៖ ក្លិបភ្នំពេញក្រោន បានប្រកាសពីការនាំចូលកីឡាករខ្សែការពារចំណូលថ្មីដំបូង គឺមានសញ្ជាតិរ៉ូម៉ានី Raul Feher ដែលបានផ្ទេរមកពីក្លិប Inter Escaldes នៃលីគកំពូលអង់ដូរ៉ា ដើម្បីក្លាយជម្រើសខ្សែការពារជំនួសតំណែង Takaki Ose ដែលទើបចាកចេញពីក្លិបកាលពីពេលថ្មីៗ នេះ ។ ប៉ុន្ដែក្រៅពីខ្សែការពារមានប្រវត្តិធម្មតារូបនេះ ក្លិបក៏ត្រៀមបង្ហាញកីឡាករថ្មីៗជាច្រើនទៀត ដែលនឹងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល រហូតនឹកស្មានមិនដល់ផងដែរ។

សម្រាប់វត្តមាន Raul Feher ពិតជាបង្កការភ្ញាក់ផ្អើលរួចមកហើយ ដែលភ្នំពេញក្រោន អាចនាំយកកីឡាករដ៏មានគុណភាព និងមានបទពិសោធន៍ជោគជាំនៅអឺរ៉ុប មកពង្រឹងក្រុមនារដូវកាលថ្មី ។ មុនផ្ទេរមកប្រកបអាជីពនៅកម្ពុជា សម្រាប់ ៣រដូវកាលចុងក្រោយ កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានជួយឲ្យក្លិប Inter Escaldes ឈ្នះជើងឯករង ២សម័យ មុនជួយក្លិបគ្រងជើងឯកលីគកំពូលអង់ដូរ៉ាលើកដំបូង នៅក្នុងរដូវកាលឆ្នាំ២០២៤/២៥។

ក្រៅពីជួយក្រុមលើកពានលីគជាប្រវត្តិ Inter Escaldes ក៏ទទួលបានកៅអីលេងវគ្គជម្រុះពានប្រចាំទ្វីបអឺរ៉ុប UEFA Champions League នារដូវកាលថ្មីផងដែរ ។ ប៉ុន្ដែស្ទើរមិនគួរឲ្យជឿ ដែល Raul Feher សម្រេចផ្ទេរមកកាន់ក្លិបភ្នំពេញក្រោន ស្របពេលក្លិបចាស់របស់ខ្លួន Inter Escaldes នៅមិនទាន់ប្រកាសពីការចាកចេញរបស់ខ្សែការពារកម្ពស់ ១ម៉ែត្រ និង ៩០សង់ទីម៉ែត្រនេះឡើយ។ នេះគឺជាការភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រកម្ពុជា។

យ៉ាងណាមិញរឿងភ្ញាក់ផ្អើល សម្រាប់អ្នកគាំទ្ររបស់ភ្នំពេញក្រោន នៅមិនទាន់អស់នោះទេ ដ្បិតអ្នកចាត់ការក្រុមសិង្ហក្រហមលោក កែវ សុខង៉ន នឹងមានកីឡាករថ្មីៗជាច្រើនទៀត ដែលក្លិបត្រៀមប្រកាសក្នុងរង្វង់ ៧សប្ដាហ៍ ទៅ ២សប្ដាហ៍ខាងមុខ ។ ក្រៅពីកីឡាករថ្មី ក៏នឹងមានក្រុមការងារថ្មីមួយចំនួន ព្រមទាំងអ្វីដែលថ្មីបន្ថែមទៀត ដែលនឹងធ្វើឲ្យអ្នកគាំទ្រនឹកស្មានមិនដល់ដូចគ្នា ដើម្បីធានាការពង្រឹងក្រុមបានកាន់តែខ្លាំង សម្រាប់ត្រៀមរដូវកាលថ្មី ពិសេសជំនួសកីឡាករល្អៗជាច្រើន ដែលបានចាកចេញ ក្រោយចប់រដូវកាលកន្លងទៅ៕