(ភ្នំពេញ)៖ ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នាថ្ងៃទី២៨ ខែមិថុនាស្អែកនេះ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដោយមានអត្តពលិកចូលរួមសរុប ៧ប្រទេស រួមមានម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម កូរ៉េខាងជើង និងម្ចាស់ផ្ទះកម្ពុជា។

គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនានេះ គណៈប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេស សរុបប្រមាណ ១៨៤នាក់ គឺបានធ្វើដំណើរមកដល់កម្ពុជា ដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីមន្ដ្រីថ្នាក់ដឹកនាំសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា មុននឹងឈានដល់ការប្រកួតផ្លូវការ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

តាមការបញ្ជាក់របស់លោក ហ៊ឹម រីដា គ្រូបង្វឹកកម្រិតអន្ដរជាតិខ្សែក្រវាត់ខ្មៅ ៦ដាន់ និងជាអគ្គលេខាធិការរងសហព័ន្ធ បានឲ្យដឹងថា ការប្រកួតតេក្វាន់-ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍នៅកម្ពុជានេះ មានពីកម្រិតថ្នាល រហូតដល់ឈុតធំ ដែលមានវិញ្ញាសាសរុបចំនួន ១៤៥វិញ្ញាសា ឬស្មើនឹង ១៤៥មេដាយមាស។ ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួតប្រជែងមេដាយជូនជាតិ ជាមួយគោលដៅដណ្ដើមមេដាយឲ្យបានយ៉ាងហោច ៤៥% ទៅ ៥០% នៃមេដាយមាសរុបទៀតផង៕