(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃពុធសប្តាហ៍នេះ ដោយធ្វើឱ្យក្រុមហ៊ុនផលិតបន្ទះឈីបនេះក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតលើពិភពលោក។ ការកើនឡើងនេះកើតឡើងបន្ទាប់ពីអ្នកវិភាគបានលើកឡើងថា Nvidia កំពុងស្ថិតនៅជួរមុខនៃ «រលកមាស» ថ្មីនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
របាយការណ៍បានបង្ហាញថា ភាគហ៊ុនរបស់ Nvidia បានកើនឡើងជាង ៤% ដល់ ១៥៤.១០ដុល្លារក្នុងមួយហ៊ុន ដែលធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនឈានដល់ចំនួន ៣.៧៦ ពាន់ពាន់លានដុល្លារ ខណៈវ៉ាដាច់ក្រុមហ៊ុន Microsoft ដែលមានតម្លៃ ៣.៦៥ ពាន់ពាន់លានដុល្លារ។ ការហក់ឡើងខ្ពស់បែបនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Loop Capital បានដំឡើងតម្លៃគោលដៅភាគហ៊ុនរបស់ Nvidia ទៅ ២៥០ដុល្លារក្នុងមួយហ៊ុន ពីតម្លៃដើម ១៧៥ដុល្លារ ដោយមើលឃើញពីតម្រូវការដ៏ខ្លាំងក្លាសម្រាប់ Processor AI របស់ខ្លួន។ ទន្ទឹមនឹងនេះ អ្នកវិភាគរបស់ Loop Capital លោក Ananda Baruah បានសរសេរនៅក្នុងកំណត់ត្រាមួយសម្រាប់អតិថិជនថា «ការងាររបស់យើងបានបង្ហាញថា យើងកំពុងឈានចូលទៅក្នុង «រលកមាស» បន្ទាប់នៃការអនុម័ត Gen AI ហើយ Nvidia កំពុងស្ថិតនៅជួរមុខនៃតម្រូវការដ៏ធំដែលខ្លាំងជាងការរំពឹងទុក»។
ការកើនឡើងចុងក្រោយរបស់ Nvidia បង្ហាញថាទីផ្សារភាគហ៊ុនអាមេរិកកំពុងចាប់អារម្មណ៍ខ្លាំងទៅលើ បច្ចេកវិទ្យា AI ឬ «AI trade»វិញហើយ។ នេះគឺស្រដៀងទៅនឹងអ្វីដែលបានកើតឡើងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលការជឿជាក់លើ AI បានជំរុញឱ្យភាគហ៊ុនក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀតកើនឡើងយ៉ាងគំហុក។
គួរជម្រាបថា ក្រុមហ៊ុនធំៗដូចជា Nvidia, Microsoft, និង Apple បានដណ្ដើមតំណែងគ្នាទៅវិញទៅមកជាក្រុមហ៊ុនដែលមានតម្លៃបំផុតលើពិភពលោកជាច្រើនដងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ ការកើនឡើងវិញរបស់ Nvidia ពេលនេះ ក៏ស្របពេលជាមួយនឹងការរំពឹងទុកថា នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗដែលអាចជួយបន្ថយភាពតានតឹងពន្ធគយដែលបានប្រកាសដោយប្រធានាធិបតីអាមេរិកលោក Donald Trump ផងដែរ៕