(សៀមរាប)៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានជួសជុលចម្រឹងបង្អួចចំនួន២ទីតាំង នៅប្រាសាទបន្ទាយសំរ៉ែ ដែលកំពុងប្រឈម និងហានិភ័យ ឱ្យរឹងមាំឡើងវិញ។
ប្រធានក្រុមការងារការដ្ឋានជួសជុលប្រាសាទបន្ទាយសំរ៉ែ លោក ឡុង ណារី បានថ្លែងថា កិច្ចការដំបូង គឺត្រូវស្វែងរកបំណែកចម្រឹងបង្អួច ដែលបានបាក់ធ្លាក់លើដីនិងសិក្សាប្រមូលទិន្នន័យ ពីស្ថានភាពខូចខាតរបស់ចម្រឹងបង្អួច ដែលមានស្នាមប្រេះ បាក់ជាកំណាត់ៗរួចហើយ ត្រូវធ្វើការផ្គំសាកល្បងថ្មរបស់ចម្រឹងបង្អួចទាំងនោះ ដើម្បីឈានដល់ជួសជុល។
លោកបន្តទៀតថា ចម្រឹងបង្អួចដែលក្រុមការងារធ្វើការជួសជុលនៅទីតាំងទី១ នាខ្លោងទ្វារខាងជើង មានសភាពទ្រុឌទ្រោម និងចុះខ្សោយខ្លាំង ដែលទាមទារការជួសជុលពង្រឹង តភ្ជាប់ថ្មត្រង់កន្លែងបាក់បែក ដើម្បីឱ្យរឹងមាំ និងមានលំនឹងដូចដើមឡើងវិញ។
ចំណែកចម្រឹងបង្អួចនៅទីតាំង២ នាខ្លោងទ្វារខាងលិច ក៏រងការខូចខាតដោយអន្លើៗ ថ្មខ្លះបានធ្លាក់គរនៅលើដី បាក់ជាកំណាត់ៗ តម្រូវឱ្យធ្វើការព្យាបាលឡើងវិញ ដូចជា លាងសម្អាតស្លែកំណកដីលើកន្លែងដែលត្រូវព្យាបាល និងតភ្ជាប់ដោយដាក់ស្នូល ព្រមទាំងបិទកាវភ្ជាប់សាច់ថ្ម បិទបាយអបំពេញស្នាមប្រេះ នៅតាមមុខតំណការពារ ដើម្បីកុំឱ្យជ្រាបទឹកចូលថ្មជាថ្មីឡើងវិញ។
ចម្រឹងបង្អួចទាំងពីរកន្លែង ដែលរងការខូចខាត ដោយសារតែអាយុកាលរាប់រយឆ្នាំ ព្រមទាំងរងកម្តៅថ្ងៃ សំណើមទឹកភ្លៀង និងទឹកជ្រាបចូល ដែលធ្វើឱ្យចម្រឹងបង្អួច និងរចនាសម្ពន្ធផ្សេងៗទៀត នៅខ្លោងទ្វារប្រាសាទបន្ទាយសំរ៉ែ រងការខូចខាតយ៉ាងខ្លាំង ដូចជា មានការប្រេះស្រាំ ពុកផុយ និងរបេះថ្មជាដើម៕