(បរទេស)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនជប៉ុន SoftBank Group លោក Masayoshi Son បាននិយាយនៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនរបស់លោកមានមហិច្ឆតាដ៏ធំមួយ គឺចង់ក្លាយជាអ្នកផ្តល់វេទិកាដ៏ធំបំផុតសម្រាប់ «Artificial Super Intelligence - ASI» ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ លោក Son បានប្រាប់ម្ចាស់ភាគហ៊ុនក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុនថា៖ «យើងចង់ក្លាយជាអ្នករៀបចំឧស្សាហកម្មក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» ដោយលោកបានប្រដូចគោលបំណងរបស់លោកទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Microsoft, Amazon និង Google ដែលទទួលបានផលប្រយោជន៍ពីគោលការណ៍ «អ្នកឈ្នះយកទាំងអស់»«winner takes all»។ ​នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

លោក Son បានពន្យល់ថា ASI គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលសមត្ថភាពលើសពីសមត្ថភាពរបស់មនុស្សរហូតដល់ ១០.០០០ ដង។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ SoftBank បានបន្តវិនិយោគយ៉ាងខ្លាំងក្លាទៅលើ AI ។ ការវិនិយោគសំខាន់ៗនៅឆ្នាំនេះ រួមមានការទិញយកក្រុមហ៊ុនរចនា Semiconductor របស់សហរដ្ឋអាមេរិក Ampere ក្នុងតម្លៃ ៦,៥ ពាន់លានដុល្លារ និងទិញការធានារ៉ាប់រងនៃការវិនិយោគរហូតដល់ ៤០ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT។ លោក Son បានបង្ហាញការសោកស្តាយដែលមិនបានវិនិយោគលើ OpenAI ពីមុន ហើយបានបញ្ជាក់ថា ការវិនិយោគសរុបរបស់ SoftBank លើ OpenAI ឥឡូវនេះមានចំនួន ៣២ ពាន់លានដុល្លារ។ លោករំពឹងថា OpenAI នឹងចុះបញ្ជីជាសាធារណៈ IPO នាពេលអនាគត។

គួរជម្រាបថា ការវិនិយោគដ៏ធំរបស់ SoftBank លើ AI កើតឡើងបន្ទាប់ពីការកែទម្រង់ជាច្រើនឆ្នាំ បន្ទាប់ពីតម្លៃរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដែលខ្លួនបានវិនិយោគ ធ្លាក់ចុះយ៉ាងគំហុកកាលពីឆ្នាំ ២០២២។ ទោះជាយ៉ាងណាក៏ដោយ SoftBank បានងើបឡើងវិញដោយជោគជ័យ បន្ទាប់ពីការចុះបញ្ជីក្រុមហ៊ុន Arm ក្នុងខែកញ្ញា ឆ្នាំ ២០២៣ ប្រមូលប្រាក់បានប្រមាណ ៥ ពាន់លានដុល្លារ ដែលបានបង្កើនទ្រព្យសកម្មរបស់ក្រុមហ៊ុន និងផ្តល់លទ្ធភាពក្នុងការខ្ចីប្រាក់សម្រាប់គម្រោងវិនិយោគថ្មីៗ។ លោក Son បានសង្កត់ធ្ងន់ថា SoftBank ប្តេជ្ញាចិត្តក្នុងការវិនិយោគប្រកបដោយការប្រុងប្រយ័ត្ន ទោះបីជាមានការប្រែប្រួលទីផ្សារយ៉ាងណាក៏ដោយ។ ថ្មីៗនេះ នៅដើមខែមិថុនា SoftBank ក៏បានរកប្រាក់បាន ៤,៨ ពាន់លានដុល្លារពីការលក់ភាគហ៊ុនមួយចំនួននៅក្នុងក្រុមហ៊ុន T-Mobile ផងដែរ៕