(បរទេស)៖ សិង្ហបុរី ដែល​ជា​ប្រទេស​មួយ​ស្ថិត​នៅ​តំបន់​ខ្សែ​អេក្វាទ័រ និង​ទទួល​រង​ឥទ្ធិពល​ភ្លៀង​មូសុង​ជា​ញឹកញាប់ កំពុង​តែ​ត្រៀម​ខ្លួន​បើក​ទំព័រ​ថ្មី​មួយ​ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ។ អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី (NUS) បាន​បង្កើត​ប្រព័ន្ធ​បដិវត្តន៍​មួយ​ដែល​អាច​បំប្លែង​ថាមពល​ពី​ទឹកភ្លៀង​ទៅ​ជា​អគ្គិសនី​ដោយ​មាន​ប្រសិទ្ធភាព​ខ្ពស់ជាងវារីអគ្គិសនីបែបប្រពៃណីរហូតដល់ ១០ដង។

ខុស​ពី​វារីអគ្គិសនី​បែប​ប្រពៃណី​ដែល​ពឹងផ្អែក​លើ​ទំនប់​ទន្លេ និង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ ការ​ស្រាវជ្រាវ​ថ្មី​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា​បំពង់​បញ្ឈរ​ដែល​មាន​ចរន្ត​អគ្គិសនី​ដើម្បី​ចាប់​យក​ថាមពល​ពី​ដំណក់ទឹកភ្លៀង។ នៅ​ពេល​ដំណក់ទឹក​ធ្លាក់​កាត់​បំពង់ វា​បង្កើត​លំហូរ​ទឹក​មួយ​ប្រភេទ​ដែល​ហៅ​ថា "plug flow" ដែល​ជួយ​បង្កើត​បន្ទុក​អគ្គិសនី​តាម​បណ្តោយ​ផ្ទៃ​បំពង់។ អេឡិចត្រូត​ដែល​ដាក់​នៅ​ចុង​បំពង់​នឹង​ប្រមូល​យក​ថាមពល​ដែល​បាន​បង្កើត​ឡើង​នេះ។

ការ​ពិសោធន៍​ក្នុង​មន្ទីរ​ពិសោធន៍​បាន​បង្ហាញ​ពី​លទ្ធផល​គួរ​ឱ្យ​ភ្ញាក់ផ្អើល។ ប្រព័ន្ធ​នេះ​អាច​បំប្លែង​ថាមពល​ទឹក​ដែល​ធ្លាក់​ជាង ១០% ទៅ​ជា​អគ្គិសនី ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​វិធីសាស្ត្រ​ប្រើប្រាស់​ស្ទ្រីម​ទឹក​ធម្មតា​រហូត​ដល់​ប្រាំ​ដង។ ជាក់ស្តែង ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ថាមពល​ដែល​បាន​បង្កើត​អាច​បំភ្លឺ​អំពូល LED ចំនួន ១២ ជាប់ៗ​គ្នា​បាន ២០ វិនាទី។ កាន់តែ​សំខាន់​នោះ ការ​បង្កើន​ចំនួន​បំពង់​អាច​បង្កើន​ទិន្នផល​ថាមពល​បាន​យ៉ាង​ងាយស្រួល ដែល​ធ្វើ​ឱ្យ​បច្ចេកវិទ្យា​នេះ​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការ​អនុវត្ត​ទ្រង់ទ្រាយ​ធំ។

អត្ថប្រយោជន៍​ដ៏​ធំ​មួយ​នៃ​បច្ចេកវិទ្យា​នេះ​គឺ​លទ្ធភាព​នៃ​ការ​ដំឡើង​នៅ​តាម​ទីតាំង​នានា​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដូចជា​នៅ​លើ​ដំបូល​អាគារ ឬ​ក្នុង​តំបន់​ដែល​គ្មាន​បណ្តាញ​អគ្គិសនី។ នេះ​ធ្វើ​ឱ្យ​វា​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន និង​សម្រាប់​ការ​ផ្គត់ផ្គង់​ថាមពល​ដល់​ឧបករណ៍​នានា​នៅ​កន្លែង​ដាច់​ស្រយាល។

ការ​រក​ឃើញ​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​សមត្ថភាព​ក្នុង​ការ​បំប្លែង​ភ្លៀង​មូសុង​ទៅ​ជា​ធនធាន​ថាមពល​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បើក​ផ្លូវ​សម្រាប់​ការ​ច្នៃប្រឌិត​ថាមពល​កកើត​ឡើងវិញ​ថ្មីៗ​ផង​ដែរ ដែល​សូម្បីតែ​លក្ខខណ្ឌ​អាកាសធាតុ​ក៏​អាច​ក្លាយជា​ផ្នែក​មួយ​នៃ​បណ្តាញ​ថាមពល​ជាតិ​បាន​ដែរ៕