(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតគ្រឿងអគ្គិសនីម៉ាក់ Haier បានចុះកិច្ចព្រមព្រៀង MOU ជាមួយក្រុមហ៊ុន SAM SN GROUP របស់អ្នកឧកញ៉ា សំ សុខនឿន ដើម្បីដំឡើងរោងចក្របង្គំម៉ាក Haier និងតំបន់ឧស្សាហកម្មបៃតងទំនើបនៅកម្ពុជា។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង Qingdao ប្រទេសចិន។
ឱកាសនោះអញ្ជើញជាភ្ញៀវកិត្តិយស ទៅទស្សនកិច្ចក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច ម៉ាក Haier អ្នកឧកញ៉ា សំ សុខនឿន ក៏បានចុះ MOUរួមគ្នាបន្ថែមទៀតជាមួយក្រុមហ៊ុនសិង្ហបុរីចំនួន២ ដើម្បីធ្វើការសិក្សាអំពីលទ្ធភាពដំឡើងរោងចក្របង្គំម៉ាក Haier និងសួនឧស្សាហកម្មបៃតងបែបបច្ចេកវិទ្យាទំនើបនៅកម្ពុជា។
បន្ថែមលើនេះ អ្នកឧកញ៉ាក៏ត្រូវបានអញ្ជើញទៅទស្សនកិច្ចវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយ ដែលមានចំណាត់ថ្នាក់ក្នុងចំណោម៥ កំពូលក្នុងប្រទេសចិន ហើយជាវិទ្យាស្ថានលំដាប់កំពូលនៅទីក្រុង Qingdao ដែលមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Haier និងតំណាងឱ្យការអប់រំបច្ចេកទេសប្រកបដោយប្រព័ន្ធស្តង់ដារឧស្សាហកម្មកម្រិតខ្ពស់។
វិទ្យាស្ថាននេះបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមសហការជាមួយ Haier ជាមួយក្រុមហ៊ុន SAM SN GROUP និងក្រុមហ៊ុនសិង្ហបុរី២ទៀត ដើម្បីបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាទំនើបនៅកម្ពុជា។
កិច្ចសហការនេះនឹងជួយលើកកម្ពស់សមត្ថភាពយុវជនកម្ពុជា បង្កើតឱកាសការងារដែលមានគុណភាពខ្ពស់ និងចូលរួមយ៉ាងសំខាន់ក្នុងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោយការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចិរភាព៕