(លីយ៉ុង)៖ ក្រុមបាល់ទាត់អាជីព Lyon នឹងបន្តលេងនៅ Ligue 1 រដូវកាលថ្មីឆ្នាំ២០២៥-២៦ ទៀត ក្រោយជួបចរចាជាមួយសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ដោយនឹងពិភាក្សាគ្នាបន្តនៅថ្ងៃចន្ទសប្តាហ៍ក្រោយទៀតដែរ។
ដំបូងឡើយ អតីតក្រុមជើងឯកលីគបារាំង ៧សម័យកាលជាប់ៗគ្នាមួយនេះ ត្រូវបានប្រកាសកាត់ទៅលេងនៅក្របខណ្ឌទី២ Ligue 2 វិញចាប់ពីរដូវកាលក្រោយ ក៏ព្រោះតែក្លិបមានមូលដ្ឋានប្រចាំទីក្រុងលីយ៉ុង ប្រទេសបារាំងមួយនេះបានជួបនូវវិបត្តិហិរញ្ញវត្ថុដ៏ខ្លាំងក្លា។
ក៏ប៉ុន្តែក្រោយជំនួបជាមួយមន្រ្តីប្រតិបត្តិ UEFA កាលពីថ្ងៃសុក្រម្សិលមិញ និងបន្តរហូតថ្ងៃចន្ទទៀតនោះ អ្វីៗគឺត្រូវបានផ្លាស់ប្តូរ ពោលគឺពួកគេត្រូវប្រកួតបើកឆាកសប្តាហ៍ទី១ Ligue 1 ទល់នឹង Lens ក្នុងកាលវិភាគរដូវកាលឆ្នាំ២០២៥-២៦ ដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្រ ទី២៧ ខែមិថុនា។
គួរបញ្ជាក់ផងថា ក្របខណ្ឌលីគកំពូលបារាំង Ligue 1 នឹងចាប់ផ្តើមដំណើរការសប្តាហ៍ទី១ រដូវកាលថ្មីរបស់ពួកគេពីថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២៥ ដោយមាន Paris Saint Germain ជាក្រុមការពារតំណែងជើងឯក។
កាលពីខែតុលា ឆ្នាំ២០២៤ លោក Textor ដែលជាម្ចាស់ក្លិប Lyon មានចំនួន ៧៧% នោះ បានប្រកាសពីបំណុលធនាគារកើនឡើង ៤២២លានផោន ដែលបង្ខំឱ្យលោកលក់ភាគហ៊ុនប្រមាណ ៤៣% ផងដែរក្នុងក្លិបអង់គ្លេស Crystal Palace កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ៕