(បរទេស)៖ ក្រុមហ៊ុន Xiaomi Corp ជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន បានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរថយន្តអគ្គិសនី SUV ម៉ូដែលថ្មីរបស់ខ្លួនគឺ YU7 បានទទួលការកុម្ម៉ង់រហូតដល់ ២៨៩,០០០ គ្រឿង ត្រឹមតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីដាក់លក់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ បានជំរុញឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
រថយន្ត YU7 ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៥៣,៥០០ យន់ (ប្រហែល ៣៥,៣៦៤ ដុល្លារអា) ដែលតម្លៃនេះគឺទាបជាងរថយន្ត Tesla Model Y ជិត ៤%។ តម្លៃដ៏ប្រកួតប្រជែងនេះ រួមជាមួយនឹងលក្ខណៈពិសេស បច្ចេកវិទ្យាទំនើបៗ បានធ្វើឱ្យ YU7 ក្លាយជាគូប្រជែងដ៏ខ្លាំងក្លាមួយនៅក្នុងទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសចិន។
យោងតាមការវិភាគរបស់ក្រុមហ៊ុន Jefferies ការកុម្ម៉ង់ដ៏ច្រើនលើសលប់នេះ គឺខ្លាំងជាងការរំពឹងទុករបស់ទីផ្សារ ហើយបានព្យាករណ៍ថា YU7 នឹងអាចដណ្ដើមចំណែកទីផ្សារពី Tesla Model Y ដែលជាម៉ូដែលលក់ដាច់ជាងគេនៅចិន។ ការកុម្ម៉ង់ YU7 ចំនួន ២៨៩,០០០ គ្រឿងនេះ គឺមានចំនួនច្រើនជាងបីដងនៃការកុម្ម៉ង់ដែលទទួលបានដោយរថយន្តអគ្គិសនីទី១ របស់ Xiaomi គឺម៉ូដែល SU7 កាលពីខែមីនាឆ្នាំមុន ដែលនេះសបញ្ជាក់ឱ្យឃើញពីទំនុកចិត្តដ៏ខ្ពស់របស់អតិថិជនលើម៉ាកយីហោរថយន្តអគ្គិសនីរបស់ Xiaomi។
គួរជម្រាបថា នៅក្នុងការជួញដូរដំបូង ភាគហ៊ុនរបស់ Xiaomi បានកើនឡើង ៨% ដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ មុននឹងបិទបញ្ចប់ដោយការកើនឡើង ៣% ។ អ្នកវិភាគរបស់ Goldman Sachs Group Inc. បានលើកឡើងថា តម្រូវការអ្នកប្រើប្រាស់សម្រាប់ Xiaomi YU7 គឺលើសពីការរំពឹងទុករបស់ពួកគេ និងទីផ្សារ ដែលគួរតែអនុញ្ញាតឱ្យ Xiaomi បន្តពង្រឹងតំណែងជាអ្នកដឹកនាំរបស់ខ្លួននៅក្នុងទីផ្សាររថយន្តលំដាប់ខ្ពស់ក្នុងប្រទេសចិន៕