(បរទេស)៖​ នៅថ្ងៃសុក្រសប្តាហ៍នេះ នាយកដ្ឋានការពារទិន្នន័យរបស់ក្រុងប៊ែរឡាំង បានស្នើឲ្យក្រុមហ៊ុន Apple និង Google ដកកម្មវិធី DeepSeek ចេញពីហាង App Store និង Play Store នៅប្រទេសអាល្លឺម៉ង់។ មូលហេតុគឺដោយសារតែកម្មវិធីនេះត្រូវបានចោទថា បញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អាល្លឺម៉ង់ទៅកាន់ម៉ាស៊ីនមេនៅប្រទេសចិន ដោយមិនបានការពារទិន្នន័យស្របតាមច្បាប់ការពារឯកជនភាពរបស់សហភាពអឺរ៉ុប (GDPR)។ នេះបេីតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters នៅថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៥

លោកស្រី Meike Kamp ដែលជាអ្នកតំណាងផ្នែកការពារទិន្នន័យរបស់ប៊ែរឡាំង បានដាក់សំណើជាផ្លូវការដល់ Apple និង Google ហើយលើកឡើងថា DeepSeek មិនបានឆ្លើយតបនឹងសំណើមួយដែលបានផ្តល់កាលពីឧសភា ដើម្បីឲ្យពួកគេប្ដូរបែបបទប្រើទិន្នន័យឬដកខ្លួនចេញ។ តាមការចោទប្រកាន់​ គឺទិន្នន័យដែលបញ្ចូលក្នុង DeepSeek រួមទាំងសំណួរ ការអាប់ឡូដឯកសារ អាសយដ្ឋាន IP និងសកម្មភាពលើ​ keyboards ត្រូវបានផ្ទុកលើម៉ាស៊ីនមេនៅប្រទេសចិន។

គួរជម្រាបថា​ Apple និង Google នឹងត្រូវពិចារណាពីសំណើនេះ។ ប្រសិនបើប្រទេសមួយនៃសហភាពអឺរ៉ុបដាក់បម្រាម អាចនាំឲ្យមានការហាមឃាត់ជាសកលក្នុងបណ្តាញហាងកម្មវិធីទាំងអឺរ៉ុប៕