(ភ្នំពេញ)៖ ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ដែលបានរៀបចំឡើងនៅកម្ពុជា ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហើយអ្វីដែលមិនធម្មតា អត្តពលិកម្ចាស់ផ្ទះដណ្តើមបានមេដាយ ៣២គ្រឿង មុននឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ។

ប៉ុន្ដែមុនឈានដល់ការប្រកួតផ្លូវការ នៅព្រឹកថ្ងៃដដែលនេះ ព្រឹត្តិការណ៍ថ្នាក់តំបន់នេះ ក៏បានចាប់ផ្ដើមការប្រកួតជាបណ្ដើរៗ ខណៈវិញ្ញាសាជាច្រើនក៏ត្រូវបានបញ្ចប់ និងរកឃើញម្ចាស់មេដាយ ស្របពេលម្ចាស់ផ្ទះកម្ពុជា កំពុងឈានមុខគេដោយដណ្ដើមបានមេដាយសរុប ៣២គ្រឿងជាបណ្ដោះអាសន្ន រួមមានមេដាយមាស ១៣ ប្រាក់ ១៥ និងសំរឹទ្ធ ៤គ្រឿង។

សូមជម្រាបផងថា ការប្រកួតនេះមានអត្តពលិក ៦ប្រទេសចូលរួម រួមមានម៉ាឡេស៊ី វៀតណាម សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះកម្ពុជា គ្រាដែលការប្រកួតនឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែមិថុនា នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។

ចំពោះលទ្ធផលបណ្ដោះអាសន្ននេះ ក្រៅពីម្ចាស់ផ្ទះកម្ពុជា គឺមានអត្តពលិកម៉ាឡេស៊ី ឈ្នះមេដាយ ១៦គ្រឿង (មាស ៤ ប្រាក់ ២ និងសំរឹទ្ធ ១០) តាមពីក្រោយដោយវៀតណាម ឈ្នះមដាយសំរឹទ្ធ ៨គ្រឿង, សិង្ហបុរី ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង និងហ្វីលីពីន ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង ។ រីឯឥណ្ឌូនេស៊ី នៅមិនទាន់ឈ្នះមេដាយនោះទេ៕