(ភ្នំពេញ)៖ លោក Conor Nestor គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា ទទួលស្គាល់បេក្ខភាពប្រកួតប្រជែងក្នុងពូលG នៃវគ្គជម្រុះជើងឯកបាល់ទាត់នារីទ្វីបអាស៊ី AFC Women’s Asian Cup 2026 តែកម្ពុជាបានត្រៀមលក្ខណៈរួចរាល់ ដើម្បីប្រជែងកៅអីវគ្គបន្ដ ដោយមិនញញើតឡើយ។

នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតជម្រុះបាល់ទាត់នារីទ្វីបអាស៊ីខាងលើ នៅថ្ងៃទី២៨ ខែមិថុនា មុនការប្រកួតចាប់ផ្ដើមផ្លូវការពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ដោយមានបេក្ខភាព ៤ក្រុមចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា ហុងកុង ហ្វីលីពីន និងអារ៉ាប់ប៊ីសាអូឌីត។

លោក Conor បានលើកឡើងថា «បានពិតណាស់យើងនៅក្នុងពូលមួយ ដែលប្រជុំដោយក្រុមខ្លាំងៗ ហើយក្រុមនីមួយៗ សុទ្ធតែមានឱកាសយកឈ្នះដៃគូប្រកួតរបស់ខ្លួន ប៉ុន្ដែសម្រាប់ការប្រកួតថ្ងៃស្អែក យើងមិនត្រឹមផ្ដោតលើក្រុមហុងកុងទេ សម្រាប់ក្រុមផ្សេងៗក្នុងពូល ក៏យើងត្រូវផ្ដោតសំខាន់ដូចគ្នា ។ យើងគោរពដៃគូប្រកួតប្រជែងយើង តែយើងអត់ខ្លាចនឹងលេងនោះទេ»

ក្រឡេកទៅមើលចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) សម្រាប់ក្រុមជម្រើសជាតិនារី ក្នុងចំណោមបេក្ខភាព ៤ក្រុមខាងលើ ក្រុមជម្រើសជាតិហ្វីលីពីន ឈរចំណាត់ថ្នាក់ល្អជាងគេ ដោយកំពុងឈរលេខរៀងទី៤១ គ្រាដែលហុងកុង ឈរលេខរៀងទី៨០ និងកម្ពុជា ឈរលេខរៀងទី១១៨ លើក្រុមអារ៉ាប់ប៊ីសាអូឌីត ដែលឈរលេខរៀងទី១៦៥ ។

ទន្ទឹមជាមួយប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រនៅប្រទេសអូស្ដ្រាលីខាងលើ គ្រូបង្វឹកទាំងអស់ សុទ្ធតែរីករាយ ចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅរបស់ម្ចាស់ផ្ទះកម្ពុជា ហើយសង្ឃឹមថា គ្រប់ការប្រកួតទាំងអស់ សុទ្ធតែទាក់ទាញ និងជក់ចិត្ត ។ ដូច្នេះសង្ឃឹមថា នឹងមានទស្សនិកជនច្រើនចូលរួមទស្សនា និងលើកទឹកចិត្តក្រុមជម្រើសជាតិរៀងៗខ្លួន នៅក្នុងការប្រកួតផ្លូវការនេះ៕