(ភ្នំពេញ)៖ លោក ឈាន គឹមហេន នាយកជាន់ខ្ពស់សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ អេសុីលីដា ភីអិលសុី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបញ្ចាក់ឲ្យដឹងថា សាខាថ្មីរបស់ធនាគារអេស៉ីលីដា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នឹងធ្វើការបើកដំណើរការផ្តល់សេវាកម្មដល់អតិថិជន ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះតទៅ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការ នឹងការគាំទ្រពីសំណាក់អតិថិជន។
ការបញ្ចាក់ឲ្យដឹងយ៉ាងដូច្នេះរបស់ លោក ឈាន គឹមហេន បានធ្វើឡើងក្នុងពិធីសូត្រមន្ត ចម្រើនមង្គល អគារការិយាល័យថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ។
លោកបានបញ្ចាក់ថា ធនាគារអេស៉ីលីដា ភីអិលសុី នៅរាជធានីភ្នំពេញមានសរុបចំនួន ២០សាខា ខណៈដែលសាខាថ្មីនេះ គឺបើកទៅតាមការស្នើរសុំរបស់អតិថិជន ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនដែលគាត់នៅតំបន់នេះ ហើយទីតាំងនេះក៏ជាទីតាំងសក្តានុពលសេដ្ឋកិច្ចមួយផងដែរ ដូច្នេះនឹងមានសន្ទុះនៃការគាំទ្រច្រើនពីអតិថិជន។
ជាការកត់សម្គាល់ ក្នុងរយៈពេល ០៥ខែ ឆ្នាំ២០២៥នេះ ការផ្តល់កម្ចីទៅកាន់អតិថិជនគឺមានការកើនឡើង ដោយក្នុងនោះសន្ទុះនៃប្រាក់បញ្ញើររបស់អតិថិជនក៏មានការកើនឡើងខ្លាំងផងដែរ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នធនាគារ អេស៊ីលីដា មានសាខាចំនួន ២៦៥ និងសេវាកម្មធនាគារស្វ័យប្រវត្តិ (ATM) ចំនួនជាង ៤០០ ទីតាំង នៅទូទាំងប្រទេស បម្រើជូនអតិថិជន និងសាធារណជន នូវសេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទ រួមទាំងសេវាធនាគារឌីជីថល ដែលបម្រើជូន ២៤/៧ រួមមាន៖ អេស៊ីស៊ូភើអេប, អេធីអឹម, ម៉ាស៊ីន POS, អេស៊ីលីដាអុីនធើណែត, និងសេវាឌីជីថល ជាច្រើនទៀត ដើម្បីបំពេញតម្រូវការអតិថិជន និងធ្វើឱ្យអាជីវកម្មតូចធំគ្រប់ប្រភេទរបស់លោកអ្នក កាន់តែរីកចម្រើន។
ទីតាំងថ្មីនេះមានអាសយដ្ឋាន៖ ក្បាលដីលេខ១០៦៤&១០៦៥ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ក្រុមទី២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ផែនទី៖ https://maps.app.goo.gl/iTb4JsV9toTSc3cX6