(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានចាត់ទុកកីឡា គឺជាផ្នែកមួយដ៏សំខាន់ក្នុងពង្រឹងសហគមន៍ និងជាស្ពានរក្សានូវទំនាក់ទំនងល្អ រវាងប្រជាជនក្នុងតំបន់ និងលើឆាកអន្ដរជាតិ ដោយមិនគិតពីភាសា ជាតិសាសន៍ ពណ៌សម្បុរ ឬសាវតាឡើយ។ លើសពីនេះ កីឡាក៏បានរួមចំណែកកសាងនូវធនធានមនុស្សប្រកបដោយគុណភាព ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិទៀតផង។
ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។ ការប្រកួតនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ដោយគ្រោងនឹងបញ្ចប់នាថ្ងៃទី៣០ ខែមិថុនាខាងមុខ ដោយមានអត្តពលិក ៦ប្រទេសចូលរួម រួមមានម៉ាឡេស៊ី វៀតណាម សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះកម្ពុជា ដែលមានអត្តពលិកចូលរួមសរុបជិត ២០០នាក់។
ក្រៅពីការស្វាគមន៍គណៈប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេស ដែលចូលរួមការប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់នៅកម្ពុជានេះ លោកឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡា មិនត្រឹមជាការប្រកួតប្រជែង ដើម្បីដណ្ដើមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្ដែជាវេទិការដ៏សំខាន់ សម្រាប់បណ្ដុះសីលធម៌ វិន័យ និងស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈការប្រកួតប្រជែងដោយយុត្តិធម៌ និងផ្ដល់នូវការរៀនសូត្រ ក៏ដូចជាការគោរពគ្នាទៅវិញទៅមក ដែលស្របតាមស្មារតីកីឡា។
លោកបន្ដថា «សហគមន៍កីឡា បានរួមចំណែកដល់ការពង្រឹងសហគមន៍ ផ្សារភ្ជាប់ភាពខុសគ្នា និងបណ្ដុះវប្បធម៌នៃការចូលរួមជាមួយគ្នា ដោយមិនគិតពីភាសា ជាតិសាសន៍ ពណ៌សម្បុរ ឬសាវតា តែផ្ដោតជាភាសារួមគ្នា នៃការខិតខំប្រឹងប្រែង ធ្វើការងារជាក្រុម និងការគោរពគ្នាទៅវិញទៅមក។ ក្នុងន័យនេះ កីឡាគឺជាស្ពាននៃការរក្សាទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យកាន់តែមានភាពស្និទ្ធស្នាលតាមរយៈការលេងកីឡា និងការផ្លាស់ប្ដូរវប្បធម៌ ប្រពៃណីគ្នាទៅវិញទៅមក»។
«លើសពីនេះ កីឡាបានរួមចំណែកថែរក្សាកម្លាំងកាយរឹងមាំ លើកកម្ពស់សុខភាព ដែលជាកត្ដាសំខាន់ នៃការផលិតភាពពលកម្ម និងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាប្រជាពលរដ្ឋដែលមានគំនិតច្បាស់លាស់ មានភាពងាយស្រួលក្នុងការចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ មានការតាំងចិត្ត និងក្ដីសង្ឃឹមខ្ពស់ ក្នុងការបង្កើនធនធានមនុស្សប្រកបដោយគុណភាព ដើម្បីបម្រើការងារអភិវឌ្ឍន៍ប្រទេសជាតិ»។ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បន្ថែម។
ទន្ទឹមជាមួយការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍តេក្វាន់ដូ ITF ជើងឯកអាស៊ីនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធ ហើយក៏មិនអាចកាត់ផ្ដាច់ពីកត្ដាសុខសន្ដិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍ និងការរីកចម្រើនសេដ្ឋកិច្ច ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជានាពេលកន្លងមក និងបន្ដដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជានាពេលបច្ចុប្បន្នផងដែរ។
ជាមួយគ្នា ដើម្បីជំរុញឲ្យការប្រកួតបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ លោកឧបនាយករដ្ឋមន្ដ្រី បានផ្ដាំផ្ញើត្រូវរៀបចំការប្រកួតប្រកបដោយគោលការណ៍ Fair-Play និងគោលការណ៍ Clean Sports ដែលត្រូវចៀសវាងនូវការប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា គ្រាដែលការកាត់សេចក្ដី ត្រូវធានាឲ្យបាននូវសុចរឹតភាព យុត្ដិធម៌ ខណៈអត្តពលិកទាំងអស់ ត្រូវប្រកួតអស់ពីសមត្ថភាព ដោយគោរពនូវបទបញ្ជាការប្រកួត និងឈរលើស្មារតីអូឡាំពិក ដើម្បីបង្ហាញពីការប្រកួតប្រជែងដោយសមត្ថភាព ការគោរពគ្នា មិត្តភាព សាមគ្គីភាព និងដណ្ដើមមេដាយជូនជាតិរៀងៗខ្លួន។
គួរដឹងថា គិតត្រឹមថ្ងៃដំបូងនៃការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ម្ចាស់ផ្ទះកម្ពុជា កំពុងនាំមុខគេ ក្នុងតារាងមេដាយ ដោយដណ្ដើមបានមេដាយសរុប ៤២គ្រឿងជាបណ្ដោះអាសន្ន រួមមានមេដាយមាស ១៩ ប្រាក់ ១៨ និងសំរឹទ្ធ ៥ តាមពីក្រោយដោយក្រុមកីឡាតេក្វាន់ដូ ITF ម៉ាឡេស៊ី ឈ្នះមេដាយសរុប ២២គ្រឿង (មាស ៥ ប្រាក់ ៥ និងសំរឹទ្ធ ១២) សិង្ហបុរី ឈ្នះមេដាយសរុប ៣គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ២), វៀតណាម ឈ្នះមេដាយសំរឹទ្ធ ១៥គ្រឿង និងហ្វីលីពីន ឈ្នះមេដាយសំរឹទ្ធ ៤គ្រឿង ។ រីឯឥណ្ឌូនេស៊ី មិនទាន់ឈ្នះមេដាយនោះទេ៕