(ភ្នំពេញ)៖ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវបើកយុទ្ធនាការប្រកួតជម្រុះជើងឯកបាល់ទាត់នារីទ្វីបអាស៊ី AFC Women’s Asian Cup 2026 ពូលG ដោយត្រូវជួបក្រុមហុងកុងមុនគេ នាវេលាម៉ោង ៧យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។
តាមរយៈការប្រកួតផ្លូវការនេះដែរ ទាំងថ្នាក់ដឹកនាំក្នុងសហព័ន្ធ ក៏ដូចជាក្រុមការងារគ្រូ និងកីឡាការិនីកម្ពុជាផ្ទាល់ បាមអំពាវនាវដល់អ្នកគាំទ្រកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងនាមម្ចាស់ផ្ទះ សម្រាប់ជាកម្លាំងចិត្តក្នុងការប្រកួតប្រជែងជាមួយក្រុមភ្ញៀវ ក៏ដូចជាប្រជែងកៅអីវគ្គបន្ដ។
លោក Conor Nestor គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា លោកទទួលស្គាល់បេក្ខភាពប្រកួតប្រជែងក្នុងពូលG សុទ្ធតែក្រុមខ្លាំងៗ ហើយក្រុមនីមួយៗ សុទ្ធតែមានឱកាសយកឈ្នះដៃគូប្រកួតរបស់ខ្លួន។ សម្រាប់កម្ពុជា មិនថាជួបហុងកុង ឬក្រុមណាទេ លោកនៅតែគោរពគូប្រជែង តែកម្ពុជាមិនខ្លាចក្នុងការលេងឡើយ។
ដោយឡែកលោក Jose Ricardo Rambo គ្រូបង្វឹកហុងកុង បានលើកឡើងថា បេសកកម្មក្រុមខ្លួនលើកនេះ គឺដើម្បីប្រជែងកៅអីវគ្គបន្ដ ប៉ុន្ដែលោកមើលឃើញការប្រកួត មិនងាយស្រួលនោះទេ ។ យ៉ាងណាលោកនឹងព្យាយាមធ្វើតាមផែនការ ជាមួយការលេងដោយទំនុកចិត្ត មិនថាជួបកម្ពុជា ឬក្រុមណានោះទេ ។ តែបើសិនបើក្រុមខ្លួន មិនអាចធ្វើតាមផែនការ ក៏អាចប៉ះពាល់ដល់គោលដៅនៃការប្រជែងកៅអីវគ្គបន្ដដែរ។
គួរដឹងថា វគ្គជម្រុះពូលG នៃពានរង្វាន់ AFC Women’s Asian Cup 2026 នេះ គឺមានបេក្ខភាព ៤ក្រុម ដែលត្រូវប្រកួតវិលជុំ ដើម្បីស្វែងរក ១ក្រុមមានពិន្ទុខ្ពស់ជាងគេឡើងទៅជុំផ្ដាច់ព្រ័ត្រ នៅប្រទេសអូស្ដ្រាលី នាឆ្នាំ២០២៦ ។ សម្រាប់ការប្រកួតថ្ងៃដំបូងនេះ មុនឈានដល់ការប្រកួតរវាងកម្ពុជា និងហុងកុង ក៏មានការប្រកួតរវាង អារ៉ាប់ប៊ីសាអូឌី និងហ្វីលីពីន ១ប្រកួតផងដែរ នាវេលាម៉ោង ៤ល្ងាចថ្ងៃអាទិត្យនេះ៕