(បរទេស)៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន បានដាក់ពាក្យសុំប៉ាតង់អាគុយប្រភេទ Solid-State ថ្មីមួយដែលមានសមត្ថភាពដ៏គួរឲ្យភ្ញាក់ផ្អើល អាចផ្តល់ចម្ងាយបើកបរដល់ទៅ ៣,០០០ គីឡូម៉ែត្រ ជាមួយនឹងការសាកថ្មពេញត្រឹមតែ ៥ នាទីប៉ុណ្ណោះ។ ការច្នៃប្រឌិតនេះអាចនឹងផ្លាស់ប្តូរឧស្សាហកម្មរថយន្តអគ្គិសនី (EV) យ៉ាងខ្លាំង។
ប៉ាតង់របស់ Huawei គឺសម្រាប់អាគុយប្រភេទ Sulfide-based solid-state ដែលត្រូវបានគេអះអាងថាមានដង់ស៊ីតេថាមពលចន្លោះពី ៤០០ ទៅ ៥០០ Wh/kg។ តួលេខនេះគឺខ្ពស់ជាងអាគុយ Lithium-ion បច្ចុប្បន្នពី ២ ទៅ ៣ដង ដែលជាធម្មតាមានដង់ស៊ីតេចន្លោះ ១៥០ ទៅ ២៥០ Wh/kg។ ភាពខុសគ្នាដ៏ធំនេះអាចបកប្រែទៅជាចម្ងាយធ្វើដំណើរដ៏វែងឆ្ងាយ និងការសាកថ្មលឿនមិនគួរឲ្យជឿ។
អ្វីដែលធ្វើឲ្យប៉ាតង់របស់ Huawei ពិសេសនោះ គឺវិធីសាស្ត្រច្នៃប្រឌិតរបស់ពួកគេក្នុងការដោះស្រាយបញ្ហាអស្ថិរភាពនៅចំណុចប្រទាក់ Lithium ដែលជាឧបសគ្គចម្បងមួយក្នុងការអភិវឌ្ឍអាគុយ Solid-State។ Huawei បានរកឃើញដំណោះស្រាយ ដែលជួយកាត់បន្ថយប្រតិកម្មអវិជ្ជមាន និងបង្កើនសុវត្ថិភាព ក៏ដូចជាអាយុកាលរបស់អាគុយ។
ទោះបីជាការអះអាងរបស់ Huawei ស្តីពីចម្ងាយ ៣,០០០ គីឡូម៉ែត្រ និងការសាក ៥ នាទីបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងទូលំទូលាយក៏ដោយ ក្រុមអ្នកជំនាញបានព្រមានថា តួលេខទាំងនេះនៅតែជាទ្រឹស្តីនៅឡើយ។ ការសម្រេចបាននូវសមត្ថភាពបែបនេះក្នុងការផលិតទ្រង់ទ្រាយធំ និងការប្រើប្រាស់ជាក់ស្តែងនៅតែត្រូវការពេលវេលា និងហេដ្ឋារចនាសម្ព័ន្ធសាកថ្មដែលមិនទាន់មាននៅពេលបច្ចុប្បន្ន។ អាគុយ Solid-State មានគុណសម្បត្តិជាច្រើនដូចជា សុវត្ថិភាពខ្ពស់ជាង (ដោយសារមិនមានសារធាតុអេឡិចត្រូលីតរាវងាយឆេះ) ដង់ស៊ីតេថាមពលខ្ពស់ និងអាយុកាលប្រើប្រាស់យូរជាង។
Huawei មិនមែនជាក្រុមហ៊ុនតែមួយគត់នៅចិនដែលកំពុងជំរុញបច្ចេកវិទ្យាអាគុយ Solid-State នោះទេ។ ក្រុមហ៊ុនចិនធំៗដូចជា BYD និង Xiaomi ក៏កំពុងបណ្តាក់ទុនយ៉ាងច្រើនក្នុងវិស័យនេះដែរ។ ប្រទេសចិនបានក្លាយជាអ្នកនាំមុខគេក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអាគុយ Solid-State ដោយមានប៉ាតង់ជាង ៧,៦០០ ដែលជាចំនួន ៣៦.៧% នៃប៉ាតង់សរុបទូទាំងពិភពលោកក្នុងវិស័យនេះ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ អត្រាកំណើនមធ្យមប្រចាំឆ្នាំនៃការដាក់ពាក្យសុំប៉ាតង់អាគុយ Solid-State របស់ចិនគឺ ២០.៨% ដែលជាអត្រាខ្ពស់បំផុតក្នុងពិភពលោក។
ការប្រកួតប្រជែងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការក្លាយជាមេដឹកនាំពិភពលោកក្នុងការផលិតអាគុយ Solid-State ដែលអាចនាំមកនូវដំណោះស្រាយថាមពល EV ដែលលឿន ប្រើប្រាស់បានយូរ និងនិងមានប្រសិទ្ធភាពខ្ពស់៕