(បរទេស)៖ តោខៀវ Chelsea របស់អង់គ្លេស និងក្រុម Palmeiras មកពីប្រេស៊ីល បានកក់កៅអីឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀតដូចគ្នា នៅព្រឹត្តិការណ៍ Club World Cup 2025 ដែលរៀបចំឡើងនៅទឹកដីអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្រុមទាំងពីរនេះ បានទម្លាក់គូប្រជែងប្រកបដោយភាពតានតឹងដូចគ្នាយប់មិញ ពោលគឺ Palmeiras បានទម្លាក់ Botafogo របស់ប្រេស៊ីលដូចគ្នាក្នុងលទ្ធផល ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដងនៃវគ្គ ១៦ក្រុម មុនពេលក្រុមមកពីលីគ Premier League បានយកឈ្នះក្រុមមកពីលីគរបស់ព័រទុយហ្គាល់ Benfica ដោយលទ្ធផល ៤-១ ក្នុងរយៈពេល ១២០នាទីដែរ។

តាមរូបមន្តខ្វែងពូល ក្រុមរបស់អឺរ៉ុប Chelsea នឹងត្រូវពើបប្រទះ Palmeiras មកពីតំបន់អាមេរិកខាងត្បូង សម្រាប់វគ្គ ៨ក្រុមជាបន្តទៀត ដែលនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីវគ្គ ១៦ក្រុមត្រូវបានបិទបញ្ចប់ត្រឹមថ្ងៃទី០២ ខែក្រោយនេះ។

ជាការកត់សម្គាល់ផងដែរ ជំនួបរវាង Chelsea និង Benfica អ្នកទស្សនាផ្ទាល់ក្នុងកីឡដ្ឋានត្រូវរង់ចាំដល់នាទី៦៤ ទើបបានហ៊ោរសប្បាយ នៅពេល Reece James រកបានគ្រាប់បែកពងមាន់ ក៏ប៉ុន្តែត្រូវបាន Angel di Mari ដែលលេង ១ប្រកួតចុងក្រោយសម្រាប់ក្រុមរបស់ព័រទុយហ្គាល់ប៉េណាល់ទីតាមស្មើ ១-១ ចុងម៉ោង ដែលញាំងឱ្យការថែម ១៥នាទី ២ដងកើតមានឡើង ជាពេលដែលតោខៀវបន្ថែម ៣គ្រាប់ទៀត ព្រោះគូប្រកួតរបស់ខ្លួននៅសល់សមាជិកតែ ១០នាក់ចាប់ពីនាទី៩២ មក៕