(ម៉ូណាកូ)៖ ខ្សែបម្រើ Paul Pogba បានសម្រក់ទឹកភ្នែក នៅថ្ងៃចុះកិច្ចសន្យារយៈពេល ២ឆ្នាំលេងឱ្យក្លិប AS Monaco ក្នុង Ligue 1 របស់បារាំង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
តារា World Cup 2018 ជាមួយក្រុមជម្រើសជាតិមាន់គកបារាំង វ័យ ៣២ឆ្នាំរូបនេះ បានខកខានលេងបាល់ទាត់ ១៨ខែមកហើយ ដោយសារតែជាប់បម្រាម រឿងពាក់ព័ន្ធនឹងសារធាតុញៀនកន្លងមក។
Pogba បានថ្លែងពោរពេញដោយភាពក្តុកក្តួលក្នុងចិត្តថា «សូមអរគុណច្រើនចំពោះការជឿទុកចិត្តមកលើរូបខ្ញុំ» នៅអំឡុងរូបគេបានបើកសៀវភៅកិច្ចសន្យា ដើម្បីចុះហត្ថលេខា។
នៅចាំបានថា Pogba មានតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោកនាអំឡុងឆ្នាំ២០១៦ នៅពេលបិសាចក្រហម Manchester United ទិញពីក្លិបសេះបង្កង់ Juventus ក្នុងតម្លៃខ្លួន ៨៩លានផោន មុនពេលផ្លាស់ទៅចូលរួមជាមួយសមាជិកនៅ Serie A វិញនាឆ្នាំ២០២២ ដោយគ្មានតម្លៃផ្ទេរឡើយ។
Monaco ដែលកំពុងប្រកួតប្រជែងនៅក្របខណ្ឌកំពូល Ligue 1 គឺជាក្លិបរបស់បារាំងដំបូងគេ សម្រាប់ Pogba ក្នុងប្រកបការអាជីពបាល់ទាត់។ រូបគេបានលេង ៩១ប្រកួតក្នុងជម្រើសជាតិ និងជាអ្នកស៊ុតបញ្ចូលទីវគ្គផ្តាច់ព្រ័ត្រ ដែលបានរួមចំណែកជួយបារាំងយកឈ្នះក្រូអាត ៤-២ ដើម្បីលើកពាន World Cup ជាលើកទី២ របស់ក្រុមខ្លាំងប្រចាំទ្វីបអឺរ៉ុបមួយនេះដែរ៕