(ភ្នំពេញ)៖ ជាធម្មតា ប្តីប្រពន្ធដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់ (អេតាស៊ីវិល) តែងមានបំណងប្រាថ្នារួមរស់ជាមួយគ្នា ហើយទំនាក់ទំនងអាពាហ៍ពិពាហ៍នោះត្រូវបានការពារដោយច្បាប់។ ប៉ុន្តែមានករណីមួយចំនួន ទំនាក់ទំនងប្តីប្រពន្ធ ត្រូវបានបែកបាក់ ឬបញ្ចប់ដោយសារវត្តមានរបស់ជនទី៣ ចូលមកបង្កើតទំនាក់ទំនងស្នេហាជាមួយប្តីឬប្រពន្ធគេ។

ហេតុនេះប្រសិនបើជនទី៣បានធ្វើសកម្មភាពដែលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្តីឬប្រពន្ធគេដូចដែលបានរៀបរាប់ខាងលើ ថាតើភាគីដែលទទួលរងផលប៉ះពាល់នោះអាចប្ដឹងទាមទារឱ្យជនទី៣នោះទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ចំពោះសកម្មភាពរបស់ខ្លួនបានដែរឬទេ?

ហេតុដូច្នេះ សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ វិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់សូមលើកយកនូវប្រធានបទស្តីពី «ការទទួលខុសត្រូវរដ្ឋប្បវេណីរបស់ជនទី៣ចំពោះអំពើផិត» មកធ្វើការបកស្រាយចម្ងល់ជូនសាធាណជន និងសិស្សនិសិ្សតវិញម្តង ដែលមានខ្លឹមសារដូចតទៅ។

ឧទាហរណ៍ វីរៈ និងដាវី បានរៀបអាពាហ៍ពិពាហ៍និងបានចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់។ ប៉ុន្មានឆ្នាំក្រោយមក ធីតា ដែលជាមិត្តរួមការងាររបស់វីរៈ ចាប់អារម្មណ៍ជាមួយ វីរៈ រហូតបង្កើតមានទំនាក់ទំនងផ្លូវភេទជាមួយគ្នាជាច្រើនដង។ ចាប់តាំងពីពេលនោះមក វីរៈ ចាប់ផ្តើមធុញទ្រាន់នឹងដាវីដែលជាប្រពន្ធខ្លួន ហើយតែងតែចាកចោលផ្ទះជាញឹកញាប់ដើម្បីទៅនៅជាមួយ ធីតា។ ដាវីបានដឹងពីទំនាក់ទំនងអ្នកទាំងពីរ និងធ្លាប់ស្នើសុំឱ្យធីតាចាកចេញ ប៉ុន្តែធីតាមិនយល់ព្រម និងនៅបន្តទំនាក់ទំនងជាមួយវីរៈ រហូតធ្វើឱ្យអាពាហ៍ពិពាហ៍របស់វីរៈនិងដាវី ត្រូវបែកបាក់ដោយសារវត្តមានរបស់ធីតា។

នៅក្នុងករណីខាងលើនេះ យើងឃើញថាវីរៈដែលជាប្តី បានប្រព្រឹត្តអំពើផិតជាមួយធីតា ទាំងខ្លួនស្ថិតនៅក្នុងចំណងអាពាហ៍ពិពាហ៍ជាមួយដាវី ហេតុនេះ តាមច្បាប់ វីរៈ អាចនឹងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌអំពីបទផិតផង និងការទទួលខុសត្រូវរដ្ឋប្បវេណីចំពោះដាវីផង។ ប៉ុន្តែចំពោះធីតាវិញ ពុំមានបទប្បញ្ញត្តិព្រហ្មទណ្ឌណាដាក់ទោសទណ្ឌចំពោះអំពើបំបែកបំបាក់ប្តីប្រពន្ធគេនៅឡើយទេ។ តើធីតាដែលជាជនទី៣ និងជាមូលហេតុដែលនាំឱ្យទំនាក់ទំនងអាពាហ៍ពិពាហ៍ដែលបានការពារដោយច្បាប់ត្រូវបានបែកបាក់ មិនទទួលខុសត្រូវអ្វីសោះ ឬយ៉ាងណា?

ថ្វីត្បិតតែមិនមានបទល្មើសចោទប្រកាន់ទៅលើ ធីតា ក៏ពិតមែន ប៉ុន្តែទង្វើរបស់ធីតា បានបំពានសិទ្ធិឬផលប្រយោជន៍របស់ដាវីក្នុងអាពាហ៍ពិពាហ៍ស្របច្បាប់ (សិទ្ធិឬផលប្រយោជន៍នៃការថែរក្សាជីវភាពអាពាហ៍ពិពាហ៍រួម)ហេតុនេះតាមផ្លូវច្បាប់  ដាវី អាចមានលទ្ធភាពក្នុងការទាមទារសំណងការខូចខាតពីធីតាបាន។ ក្នុងអត្ថបទនេះ យើងនឹងលើកយកការទទួលខុសត្រូវរដ្ឋប្បវេណីរបស់ធីតា មកបង្ហាញ ហើយការទទួលខុសត្រូវនោះ គឺជាការទទួលខុសត្រូវសងសំណងការខូចខាតផ្អែកលើអំពើអនីត្យានុកូល ដែលមានចែងក្នុងមាត្រា៧៤៣ នៃក្រម
រដ្ឋប្បវេណី។

តាមផ្លូវច្បាប់ ក្នុងករណីខាងលើ ដាវី អាចទាមទារសំណងការខូចខាតពី ធីតា បាន ដោយត្រូវបញ្ជាក់បង្ហាញនូវលក្ខខណ្ឌចំនួន ៤ ដូចខាងក្រោម៖

១. ធីតាបានបង្កើតទំនាក់ទំនងស៊ីជម្រៅ រួមទាំងទំនាក់ទំនងផ្លូវភេទជាមួយវីរៈរហូតដល់វីរៈនិងដាវីមិនអាចរួមរស់ជាមួយគ្នាជាប្តីប្រពន្ធទៀតបាន(ការបំពានសិទ្ធិ ឬផលប្រយោជន៍នៃការថែរក្សាជីវភាពអាពាហ៍ពិពាហ៍រួម)

២. ធីតាមានកំហុសចេតនា ឬកំហុសអចេតនាក្នុងការប្រព្រឹត្តអំពើនោះ

៣. ដាវីបានទទួលរងការខូចខាត

៤. ទំនាក់ទំនងអាពាហ៍ពិពាហ៍រវាងវីរៈ និងដាវីបានបែកបាក់ ឬឈានដល់ការលែងលះដោយសារវត្តមានរបស់ធីតា
ចំពោះលក្ខខណ្ឌទី១ ដាវី ត្រូវបង្ហាញឱ្យឃើញថាធីតា បានបង្កើតទំនាក់ទំនងស៊ីជម្រៅជាមួយវីរៈរហូតដល់មានទំនាក់ទំនងផ្លូវភេទជាដើម។ទង្វើនោះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិឬផលប្រយោជន៍របស់ដាវីនៅក្នុងចំណងអាពាហ៍ពិពាហ៍ដែលច្បាប់បានការពារ។ ប្រសិនបើធីតា និងវីរៈគ្រាន់តែណាត់ជួបគ្នាញ៉ាំអី ឬនិយាយគ្នាលេងធម្មតា ឬកាយវិការណាមួយដែលមិនអាចចាត់ទុកថាជាអំពើផិត ឬទំនាក់ទំនងផ្លូវភេទទេ ដាវីមិនអាចទាមទារសំណងបានឡើយ។

ហេតុនេះ ដាវីត្រូវមានភស្តុតាងដែលអាចបង្ហាញថា អ្នកទាំងពីរបានមានទំនាក់ទំនងផ្លូវភេទ ហើយភស្តុតាងទាំងនោះអាចមានដូចជា៖

*រូបថត ឬវីដេអូ ដែលវីរៈ និងធីតាកំពុងរួមភេទ ឬអាចជារូបថតគេងលើគ្រែជាមួយគ្នា ឬរូបភាពដែលចូលទៅក្នុងទីកន្លែងដែលមានគោលបំណងរួមភេទជាមួយគ្នា ជាដើម ឬ
*ឯកសារ ឬសារជាសម្លេង ឬការឆ្លើយឆ្លងដែលបានទទួលស្គាល់ថាបានរួមភេទ ឬមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា ឬ
*ភស្តុតាងផ្សេងទៀតដែលនាំឱ្យអាចសន្និដ្ឋានបានថាអ្នកទាំងពីរនោះមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា។

ចំពោះលក្ខខណ្ឌទី២ ដាវីត្រូវបង្ហាញថា ធីតាមានកំហុសចេតនាឬកំហុសអចេតនាក្នុងការបង្កើតទំនាក់ទំនងស៊ីជម្រៅជាមួយវីរៈ។ ប្រសិនបើដាវី អាចបង្ហាញថា ធីតាបានដឹងថាវីរៈគឺជាស្វាមីស្របច្បាប់របស់ខ្លួនហើយ ប៉ុន្តែធីតានៅតែបង្កើតទំនាក់ទំនងផ្លូវភេទទៀតនោះ មានន័យថាធីតាមានកំហុសចេតនាហើយ។

ទោះបីជាធីតាមិនបានដឹងថាវីរៈមានប្រពន្ធដោយសារ
ការធ្វេសប្រហែសក៏ដោយ ក៏គេទទួលស្គាល់ថាធីតាមានកំហុសអចេតនាដែរ ឧទាហរណ៍ថា ធីតាបានឃើញវីរៈមានពាក់ចិញ្ចៀនរៀបការ ហើយឃើញមានរូបថតស្និតស្នាលជាមួយមនុស្សស្រីលើអេក្រង់ទូរស័ព្ទជាដើម តែមិនបានបញ្ជាក់ជាមួយវីរៈទេ មានន័យថាធីតាមានកំហុសក្នុងការមិនបានដឹងថាវីរៈមានប្រពន្ធហើយ ហើយករណីនេះក៏ត្រូវទទួលខុសត្រូវដែរលើកលែងតែធីតាត្រូវបានវីរៈចាប់រំលោភ ឬស្ថិតក្រោមឥទ្ធិពលថ្នាំដែលមិនអាចគ្រប់គ្រងខ្លួនឯង ឬត្រូវបាន វីរៈគម្រាមកំហែងជាដើមតែប៉ុណ្ណោះដែលអាចរួចផុតពីការទទួលខុសត្រូវបាន។

ហេតុនេះ ដាវីអាចបង្ហាញភស្តុតាងមួយចំនួនដែលបញ្ជាក់ថាធីតា បានដឹងថាវីរៈមានប្រពន្ធហើយ ដូចជា៖

*ឯកសារ ឬការឆ្លើយឆ្លងជាឆាត អ៊ីមែល សារសំឡេងរវាងវីរៈនិងធីតា ឬរវាងដាវីនិងធីតាដែលអាចបង្ហាញថាធីតាបានដឹងថាវីរៈមានប្រពន្ធ
*រូបថតធីតាបានចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួនជាដើម។

ចំពោះលក្ខខណ្ឌទី៣ ធីតា ជាអ្នកធ្វើឱ្យទំនាក់ទំនងអាពាហ៍ពិពាហ៍ដាវីនិងវីរៈបានបែកបាក់ ឬឈានដល់ការលែងលះ ហេតុនេះជាទូទៅគេទទួលស្គាល់ថាដាវីដែលជាភាគីរងគ្រោះ ទទួលរងការខូចខាតសតិអារម្មណ៍ ដែលជាកម្មវត្ថុនៃសំណងជំងឺចិត្ត។

ចំណែកឯលក្ខខណ្ឌទី៤ វិញ តម្រូវឱ្យមានវត្តមានរបស់ធីតា ឬអំពើរបស់ធីតា គឺជាមូលហេតុដែលនាំឱ្យទំនាក់ទំនងអាពាហ៍ពិពាហ៍បានបែកបាក់ ឬឈានដល់ការលែងលះ។ ប្រសិនបើទំនាក់ទំនងអាពាហ៍ពិពាហ៍រវាងវីរៈនិងដាវី បានបែកបាក់ហើយ ទើបធីតាចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយវីរៈ នោះគេមិនអាចទទួលស្គាល់ពីទំនាក់ទំនងរវាងការបែកបាក់នោះ ជាមួយអំពើរបស់ធីតាឡើយ ដោយសារអាពាហ៍ពិពាហ៍ត្រូវបានបែកបាក់មុនពេលមានវត្តមានធីតាបាត់ទៅហើយ។ ប៉ុន្តែនៅក្នុងឧទាហរណ៍ខាងលើ ធីតាបានបង្កើតទំនាក់ទំនងជាមួយវីរៈ ហើយមានចេតនាចង់ឱ្យអាពាហ៍ពិពាហ៍របស់ធីតាបែកបាក់ទៀត ហេតុនេះគេអាចទទួលស្គាល់ថាអំពើរបស់ធីតា មានទំនាក់ទំនងជាមួយការបែកបាក់អាពាហ៍ពិពាហ៍របស់ដាវី។

សរុបមក ករណីដែលជនទី៣ មានកំហុសក្នុងការបំផ្លាញអាពាហ៍ពិពាហ៍ស្របច្បាប់របស់អ្នកដទៃ នោះភាគីដែលរងគ្រោះដោយសារជនទី៣អាចទាមទារសំណងការខូចខាតពីជនទី៣បានដោយអះអាងនូវលក្ខខណ្ឌទាំង៤ខាងលើ៕

រៀបរៀងដោយ លោកបណ្ឌិត សោម រតនា ទីប្រឹក្សាច្បាប់ជាន់ខ្ពស់ និងជាអ្នកបណ្តុះបណ្តាលនៃវិភាគទានច្បាប់