(បរទេស)៖ ក្រុមហ៊ុន Meta Platforms ត្រូវបានគេរាយការណ៍ថា កំពុងរៃអង្គាសប្រាក់ ២៩ពាន់លានដុល្លារពីក្រុមហ៊ុនមូលធនឯកជន ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI) នៅសហរដ្ឋអាមេរិក។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយកាសែត Financial Times និងចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។

Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook កំពុងពិភាក្សាជាមួយអ្នកវិនិយោគឥណទានធំៗ រួមមាន Apollo Global Management, KKR, Brookfield, Carlyle និង PIMCO។ របាយការណ៍ដដែលបានឱ្យដឹងថា Meta គ្រោងនឹងរៃអង្គាសប្រាក់ ៣ ពាន់លានដុល្លារក្នុងទម្រង់ជាភាគហ៊ុន និង ២៦ ពាន់លានដុល្លារក្នុងទម្រង់ជាបំណុល។

គម្រោងរៃអង្គាសថវិកានេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ Meta ក្នុងការវិនិយោគលើ AI ខណៈដែលក្រុមហ៊ុននេះបានចំណាយ ១៤.៨ ពាន់លានដុល្លាររួចហើយទៅលើក្រុមហ៊ុន Scale AI។ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានបញ្ជាក់កាលពីខែមករាថា ក្រុមហ៊ុននឹងចំណាយរហូតដល់ ៦៥ ពាន់លានដុល្លារនៅឆ្នាំនេះ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួន ដោយមានគោលបំណងពង្រឹងជំហរប្រកួតប្រជែងជាមួយក្រុមហ៊ុនគូប្រជែងដូចជា OpenAI និង Google។

គួរជម្រាបថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនកំពុងវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធ AI ។ ជាឧទាហរណ៍ Microsoft បានចំណាយ ៨០ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៥ ដើម្បីពង្រីកមជ្ឈមណ្ឌលទិន្នន័យសម្រាប់សេវាកម្ម AI។ កាលពីខែកុម្ភៈ Bloomberg News ក៏បានរាយការណ៍ផងដែរថា Apollo Global Management កំពុងពិភាក្សាអំពីកញ្ចប់ហិរញ្ញវត្ថុប្រមាណ ៣៥ ពាន់លានដុល្លារសម្រាប់ Meta ដើម្បីជួយអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យនៅសហរដ្ឋអាមេរិក។ យ៉ាងណាជុំវិញរបាយការណ៍នេះ
Meta និង Carlyle បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាននេះ ខណៈដែលក្រុមហ៊ុនផ្សេងទៀតនៅមិនទាន់មានការឆ្លើយតបនៅឡើយ៕