(ភ្នំពេញ)៖ លោក Conor Nestor គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា រំពឹងកម្ពុជា នឹងអាចដល់ចំណុចល្អប្រសើរមួយក្នុងពូល ប្រសិនបើកូនក្រុមបន្ដធ្វើបានល្អ ដូចតង់ទី២ នៃការប្រកួតជាមួយក្រុមខ្លាំងហុងកុង សម្រាប់ការប្រកួតសេសសល់ នៃវគ្គជម្រុះជើងឯកបាល់ទាត់នារីទ្វីបអាស៊ី AFC Women’s Asian Cup 2026។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្រោយក្រុមជម្រើសជាតិនារីកម្ពុជា បានវាយបកស្មើក្រុមហុងកុង ក្នុងជំនួបបើកឆាកពូលG នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់់ទ្វីបអាស៊ីខាងលើ កាលពីរាត្រីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។

ជំនួបដ៏តានតឹងនេះ ហុងកុង បាននាំមុខម្ចាស់ផ្ទះកម្ពុជា ១គ្រាប់មុន នៅវគ្គទី១ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាការិនី Leung Hong Kiu Anke នៅនាទី៣០ ។ បន្ទាប់មកកម្ពុជា ក៏ព្យាយាមវាយបក រហូតដល់នាទី៨២ ទើបមានឱកាសរកបានគ្រាប់តាមស្មើ ដោយកីឡាការិនី វឿន សុថាន ហើយលទ្ធផលស្មើគ្នានេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតលោក Conor បានលើកឡើងថា «សម្រាប់ខ្ញុំ ក្រោយកញ្ចែបញ្ចប់ការប្រកួតដ៏មានបទពិសោធន៍ដូចជាហុងកុង ខ្ញុំពិតជាសប្បាយចិត្តជាមួយលទ្ធផល ហើយប្រសិនបើក្រុមបន្ដនៅលេងបានល្អដូចតង់ទី២ (លេងជាមួយហុងកុង) សម្រាប់ការប្រកួតសេសសល់ គឺយើងនឹងទៅដល់ចំណុចមួយល្អក្នុងពូល»

ការបង្ហាញសុទិដ្ឋិនិយមបែបនេះ ដោយសារលោកមើលឃើញការបង្ហាញទម្រង់លេង និងឆន្ទៈខ្ពស់របស់កូនក្រុម ក្នុងការលេងជាមួយក្រុមហុងកុង ដែលជាក្រុមដ៏មានបទពិសោធន៍ ។ ហុងកុងកំពុងឈរលេខរៀងទី៨០ នៃចំណាត់ថ្នាក់បាល់ទាត់នារីពិភពលោក ខណៈកម្ពុជា កំពុងឈរលេខរៀងទី១១៨ ។ ការណ៍នេះ លោកនឹងបន្ដពង្រឹងក្រុមបន្ថែម សម្រាប់ត្រៀមការប្រកួតសេសសល់ ពិសេសការប្រកួតជាមួយក្រុមហ្វីលីពីន ដែលជាបេក្ខភាពលេងពាន FIFA World Cup តែម្ដង។

គួរដឹងថា ក្រោយបញ្ចប់ការប្រកួតបើកឆាកពូលG ស្មើគ្នាខាងលើ នាំឲ្យក្រុមជម្រើសជាតិនារីកម្ពុជា និងហុងកុង រកបាន ១ពិន្ទុម្នាក់ តាមពីក្រោយក្រុមជម្រើសជាតិហ្វីលីពីន ដែលរកបាន ៣ពិន្ទុពីការយកឈ្នះក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ៣-០ កាលពីល្ងាចមិញ ។ សម្រាប់ប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវជួបហ្វីលីពីន នាថ្ងៃទី២ ខែកក្កដា មុនជំនួបបញ្ចប់ពូលG ជាមួយអារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ៕