(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសពីការនាំចូលកីឡាករ សៀង ចន្ធា ជាផ្លូវការហើយ ក្រោយខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរូបនេះ បានចាកចេញពីក្លិបបឹងកេត ដែលជាក្លិបអាជីពដំបូងរបស់ខ្លួន បានរួមរស់អស់រយៈពេល ៦រដូវកាលកន្លងមក។
ការផ្លាស់ប្ដូរក្លិបអាជីពលើកដំបូងនេះ បានក្លាយជាការសម្រេចចិត្តដ៏ពិបាកសម្រាប់ សៀង ចន្ធា ដោយគេបានលើកឡើងថា «វាពិបាកមែនទែន សម្រាប់ការផ្លាស់ប្ដូរ ដែលជាការផ្លាស់ប្ដូរមួយដ៏ពិបាកសម្រេចចិត្ដមែនទែន ។ ខ្ញុំមានគោលដៅដើម្បីមានការប្រកួតប្រជែង និងបានបង្ហាញខ្លួននៅក្នុងឆាកអន្ដរជាតិ» ។ បន្ថែមលើនេះ ចន្ធា ក៏សង្ឃឹមចាប់ផ្ដើមបង្កើតប្រវត្តិសាស្ដ្រថ្មីជាមួយព្រះខ័នរាជស្វាយរៀងផងដែរ។
គួរដឹងថា ក្រោយបញ្ចប់ការបណ្ដុះបណ្ដាលនៅសាលាបាល់ទាត់ជាតិបាទី កាលពីចុងឆ្នាំ២០១៩ សៀង ចន្ធា បានសម្រេចចិត្តចូលរួមជាមួយបឹងកេត ក្នុងចំណោមជម្រើសក្លិបជាច្រើន ដែលចង់បានខ្លួន ។ រយៈពេល ៦រដូវកាល នៃការរួមរស់ជាមួយក្រុមនាគខៀវ ចន្ធា បានរួមចំណែកជួយក្លិបសម្រេចសមិទ្ធផលជាច្រើន ហើយក៏បានអភិវឌ្ឍន៍ខ្លួនកាន់តែខ្លាំងផងដែរ ដែលជំរុញឲ្យមានក្លិបធំៗចង់បានរូបគេ។
សម្រាប់ការផ្លាស់ប្ដូរក្លិបអាជីពលើកដំបូង ពីបឹងកេត មកកាន់ព្រះខ័នរាជស្វាយរៀង ពេលនេះ ត្រូវបានចាត់ទុកជាការផ្ទេរដ៏ធំមួយ ក្នុងដំណាក់ការ Pre-Season ត្រៀមរដូវកាលថ្មីខាងមុខ ហើយក៏បានជំរុញឲ្យព្រះខ័នរាជស្វាយរៀង កាន់តែមានភាពរឹងមាំមួយកម្រិតបន្ថែមទៀត បន្ទាប់ពីពួកគេបាននាំចូលកីឡាករល្អៗជាច្រើន ដើម្បីការពារតំណែងជើងឯកលីគ និងត្រៀមលេងពានរង្វាន់អន្ដរជាតិនានា៕