(បរទេស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍ Fox News ថា លោកមានក្រុមមនុស្សមានទ្រព្យសម្បត្តិខ្ពស់ ចង់ទិញ TikTok នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
លោកថ្លែងបែបនេះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ទៅកាន់បណ្ដាញព័ត៌មាន Fox News ដោយបានបន្ថែមថា លោកបានរកឃើញអ្នកទិញកម្មវិធី TikTok សម្រាប់ទីផ្សារសហរដ្ឋអាមេរិកហើយ។ លោកបញ្ជាក់ថា វាជា «ក្រុមមនុស្សមានទ្រព្យសម្បត្តិខ្ពស់ណាស់» ដែលមានការចាប់អារម្មណ៍ចង់ទិញកម្មវិធីនេះ។ លោកនិយាយថា «ខ្ញុំបានរកឃើញអ្នកទិញ TikTok ហើយ។ នេះគឺជាក្រុមមនុស្សមានទ្រព្យសម្បត្តិខ្ពស់ ដែលយើងនឹងប្រកាសឈ្មោះពួកគេក្នុងរយៈពេលប្រហែលពីរសប្តាហ៍ខាងមុខ»។
លោកត្រាំក៏បានបញ្ជាក់ផងដែរថា ការលក់ TikTok នេះ នឹងត្រូវការការយល់ព្រមពីក្រុមហ៊ុន ByteDance ដែលជាម្ចាស់កម្មវិធី TikTok នៅប្រទេសចិន និងអាជ្ញាធរចិនផងដែរ។ លោកសង្ឃឹមថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិននឹងសហការជាមួយ ក្នុងការអនុញ្ញាតឲ្យមានការទិញលក់នេះកើតមានឡើង។ ដូចតាមរបាយការណ៍របស់ Financial Times និង Sky News មានការសន្មតថា ក្រុមវិនិយោគធំៗដូចជា Andreessen Horowitz, Blackstone, និង Silver Lake អាចនឹងជាភាគីពាក់ព័ន្ធនាពេលខាងមុខ។ ម្យ៉ាងវិញទៀតក៏អាចមានក្រុមហ៊ុនវិនិយោគ ដែលមានសិទ្ធិក្នុង TikTok ដូចជា KKR និង General Atlanticផងដែរ៕