(ភ្នំពេញ)៖ យន្តហោះខេមបូឌាអ៊ែរវ៉េ ជើងហោះហើរលេខ KR785 ពីភ្នំពេញទៅប៉េណាង បានចុះចតយ៉ាងរលូននៅអាកាសយានដ្ឋានអន្តរជាតិប៉េណាង នៅវេលាម៉ោង១០:៥៥នាទីព្រឹក ម៉ោងនៅប្រទេសម៉ាឡេស៊ី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥​នេះ ។ ជើងហោះហើរដំបូងនេះ ត្រូវបានផ្តល់កិត្តិយសដោយវត្តមាន លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកស្រី Tang Xiaojun អគ្គនាយករងក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ លោកBai Guowei នាយកគណៈកម្មាធិការទីផ្សារនៃក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ និងអ្នកតំណាងផ្សេងទៀតមកពីក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បានរួមដំណើរនៅលើជើងហោះហើរដូចគ្នានេះដែរ។

នៅពេលមកដល់ប៉េណាង យន្តហោះខេមបូឌាអ៊ែរវ៉េត្រូវបានផ្តល់កិត្តិយសដោយពិធីបាញ់ទឹកដើម្បីអបអរដល់ការចុះចតដោយជោគជ័យ។ លោកឯកអគ្គរាជទូត Shaharuddin Onn រួមជាមួយនឹងអ្នកដំណើរទាំងអស់ ព្រមទាំងក្រុមអាកាសយានិកត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយអ្នកតំណាងមកពីនាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី (ទេសចរណ៍ម៉ាឡេស៊ី) ការិយាល័យសន្និបាត និងពិព័រណ៍ប៉េណាង (PCEB) អាកាសយានដ្ឋានអន្តរជាតិប៉េណាង និងវិស័យផ្សេងៗទៀត។ អ្នកដំណើរទាំងអស់ត្រូវបានបំពាក់នូវកម្រងផ្កាប្រពៃណី និងប្រគល់វត្ថុអនុស្សាវរីយ៍ដើម្បីជាអំណោយស្វាគមន៍។ ក្នុងចំណោមអ្នកដំណើរលើជើងហោះហើរនេះក៏មានវត្តមានបុគ្គលល្បីៗ រួមមានក្រុមអ្នកធ្វើវីដេអូមាតិការ និងក្រុមកីឡាករវាយកូនហ្គោលផងដែរ។

នៅវេលាម៉ោង ១១:៣០នាទីព្រឹក ភ្ញៀវកិត្តិយសបានជួបជុំគ្នានៅក្នុងសាល VIP​នៃអាកាសយានដ្ឋានដើម្បីធ្វើសន្និសីទសារព័ត៌មានសម្ពោធជាផ្លូវការនៃផ្លូវហោះហើរត្រង់ភ្នំពេញ-ប៉េណាង។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមអធិបតីភាពរបស់លោកឯកអគ្គរាជទូត Shaharuddin Onn, លោក YB Lee Boon Heng, ប្រធានការិយាល័យសន្និបាត និងពិព័រណ៍ប៉េណាង និងសមាជិករដ្ឋសភាKebun Bunga, លោក YB Chee Yeeh Keen, សមាជិករដ្ឋសភា Bagan Jermal, លោក YBHG Dato' Yeoh Soon Hin អគ្គនាយករងនៃទេសចរណ៍ម៉ាឡេស៊ី, លោក YBHG Datin’Bharathi Suppiah អគ្គនាយកការិយាល័យសន្និបាត និងពិព័រណ៍ប៉េណាង និងជាអ្នកគ្រប់គ្រងទូទៅនៃChief Minister Incorporated លោកLee Thai Hung អគ្គនាយករង (Promotion II) នៃទេសចរណ៍ម៉ាឡេស៊ី និងលោកMohd Ridzuan Ahmad Walid ប្រធានផ្នែកប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិប៉េណាង។ អ្នកតំណាងមកពីក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េរួមទាំងលោកស្រីTang Xiaojun និងលោកBai Guowei ក៏បានចូលរួមក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ។

លោក YBHG Dato' Yeoh Soon Hin បានតំណាងឱ្យ លោក B Dato'Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌នៃប្រទេសម៉ាឡេស៊ី ដើម្បីថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មាននេះថា «ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។ ខ្ញុំពិតជារីករាយដែលបានស្វាគមន៍ការហោះហើរជាលើកដំបូងនៃផ្លូវហោះហើរដែលត្រូវបានរំពឹងទុកថានឹងធ្វើឱ្យទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិច្ចរបស់យើងកាន់តែស៊ីជម្រៅ ដោយបើកទ្វារទៅកាន់ឱកាសទេសចរណ៍ និងអាជីវកម្មថ្មីៗ។ ផ្លូវហោះហើរថ្មីនេះនឹងផ្តល់នូវឱកាសកាន់តែច្រើនដល់អ្នកធ្វើដំណើរដើម្បីទទួលបានបទពិសោធន៍វប្បធម៌បេតិកភណ្ឌដ៏សម្បូរបែប ទេសភាពដ៏អស្ចារ្យ និងបដិសណ្ឋារកិច្ចលំដាប់ពិភពលោករបស់ប្រទេសម៉ាឡេស៊ី។ នេះជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់ពង្រីកការហោះហើរនេះ»

លោកក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងការតភ្ជាប់ក្នុងតំបន់ ជំរុញទំនាក់ទំនងទ្វេភាគី លើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ ក៏ដូចជាការជំរុញការអភិវឌ្ឍន៍ទេសចរណ៍ និងពាណិជ្ជកម្ម។ លោកបានកត់សម្គាល់បន្ថែមថា ជាពិសេសនៅពេលដែលប្រទេសម៉ាឡេស៊ីកំពុងបន្តរៀបចំយុទ្ធនាការ ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦ (VM2026)។

ក្នុងសុន្ទរកថាសន្និសីទសារព័ត៌មានរបស់លោក YB Lee Boon Heng ក៏បានបង្ហាញក្តីរំភើបទៅលើការតភ្ជាប់ដោយផ្ទាល់ទៅកាន់ទីក្រុងភ្នំពេញ ដែលជាទីក្រុងដែលមានភាពស្រដៀងគ្នាផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងភាពទាក់ទាញដ៏រស់រវើកនៃទីក្រុង។ លោកបានបញ្ជាក់ថា «ផ្លូវហោះហើរថ្មីនេះឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា តាមរយៈការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែខ្លាំងឡើង និងភាពជាដៃគូរយៈពេលវែងក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងការវិនិយោគ»។ លោកក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ដែលបានជ្រើសរើសបញ្ចូលប៉េណាង នៅក្នុងបណ្តាញផ្លូវហោះហើររបស់ខ្លួន ហើយលោកនឹងទន្ទឹងរង់ចាំការកសាងភាពជាដៃគូប្រកបដោយផ្លែផ្ការវាងគ្នាទៅវិញទៅមក។

លោកបាននិយាយថា «ជើងហោះហើរនេះមិនត្រឹមតែនាំអ្នកធ្វើដំណើរឆ្លងកាត់អាកាសប៉ុណ្ណោះទេ ប៉ុន្តែវានាំសហគមន៍របស់យើងឱ្យកាន់តែជិតស្និទ្ធជាមួយគ្នាថែមទៀត»

តំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ លោក Li Lei អគ្គនាយករងគណៈកម្មាធិការទីផ្សារ បានថ្លែងសុន្ទរកថាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទេសចរណ៍ម៉ាឡេស៊ី ការិយាល័យសន្និបាត និងពិព័រណ៍ប៉េណាង អាកាសយានដ្ឋានអន្តរជាតិប៉េណាង និងដៃគូសហការទាំងអស់ចំពោះកិច្ចសហការយ៉ាងសកម្ម និងការគាំទ្រដ៏រឹងមាំក្នុងការសម្រួលដល់ការបើកដំណើរការជើងហោះហើរថ្មីប្រកបដោយជោគជ័យ។ លោកបានបញ្ជាក់ថា វាជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគីដែលធ្វើឱ្យការបើកផ្លូវហោះហើរថ្មីនេះអាចប្រព្រឹត្តទៅបាន។ លោកបានបន្ថែមថា «ការដាក់ឱ្យដំណើរការជើងហោះហើរត្រង់ភ្នំពេញ-ប៉េណាង គឺជាការបើកទំព័រថ្មីមួយក្នុងការធ្វើដំណើររបស់យើង។ សេវាកម្មហោះហើរនេះ នឹងផ្តល់ជូនអ្នកដំណើរនូវភាពងាយស្រួលបន្ថែមទៀតដោយការហោះហើរផ្ទាល់ ជំនួសឱ្យការឈប់សម្រាកដើម្បីប្តូរជើងយន្តហោះនៅចំណុចឆ្លងកាត់ផ្សេងៗ។ វាក៏បានបង្កើនជើងហោះហើរសរុបប្រចាំសប្តាហ៍រវាងភ្នំពេញ និងម៉ាឡេស៊ីរបស់ខេមបូឌាអ៊ែរវ៉េ កើនដល់ប្រាំជើង ដែលគ្របដណ្តប់ទាំងទីក្រុងប៉េណាង និងកូឡាឡាំពួ»

ជាបន្ទាប់ភ្ញៀវកិត្តិយសទាំងអស់បានរួមគ្នាធ្វើពិធីកាត់នំ និងថតរូបជាក្រុម ដើម្បីអបអរដល់ការសម្ពោធជើងហោះហើរថ្មីដោយជោគជ័យ។ ជើងហោះហើរ KR786 បានចាកចេញពីប៉េណាងនៅម៉ោង១១:៥៥ព្រឹក ហើយបានមកដល់ភ្នំពេញនៅម៉ោង ១២:៤០ថ្ងៃត្រង់ ម៉ោងនៅកម្ពុជា ដែលត្រូវបានសន្មតជាការបញ្ចប់ការធ្វើដំណើរដោយរលូននិងជោគជ័យជាស្ថាពរ។

សេវាកម្មហោះហើរភ្នំពេញ-ប៉េណាង របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ គ្រោងនឹងដំណើរការពីរដងក្នុងមួយសប្តាហ៍ រៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ។ ផ្លូវហោះហើរថ្មីនេះ មិនត្រឹមតែជួយពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងកម្ពុជា និងម៉ាឡេស៊ីប៉ុណ្ណោះទេ វាថែមទាំងបង្កើតឱកាសថ្មីៗសម្រាប់ទេសចរណ៍ ធុរកិច្ច និងការផ្លាស់ប្តូរវប្បធម៌ផងដែរ។

ខេមបូឌាអ៊ែរវ៉េប្តេជ្ញាបន្តផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរតាមផ្លូវអាកាសប្រកបដោយសុវត្ថិភាព ផាសុកភាព និងភាពងាយស្រួល ព្រមទាំងបន្តពង្រីកបណ្តាញហោះហើរ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ការតភ្ជាប់នៅទូទាំងអាស៊ីអាគ្នេយ៍ និងលើសពីនេះផងដែរ៕