(បរទេស)៖ ក្រោយប្រកបអាជីពលើទីលានប្រមាណ ១១០៩ប្រកួតកន្លងមក ខ្សែប្រយុទ្ធ Lionel Messi បានលេងទល់ មុខនឹង Paris Saint Germain នៅពេលក្រុមបារាំងមួយនេះបានបំបាក់ Inter Miami CF ៤ទល់នឹង០ វគ្គ ១៦ក្រុម FIFA Club World Cup 2025។ នេះយោងតាមការចេញផ្សាយដោយ BBC។

តារា World Cup 2022 ជាមួយជម្រើសជាតិអាហ្សង់ទីន វ័យ ៣៨ឆ្នាំរូបនេះ ពុំអាចជួយក្រុមម្ចាស់ផ្ទះ Miami ឆ្លងចូលវគ្គ ៨ក្រុម Club World Cup បន្តទៀតបានឡើយ ដ្បិតរងបរាជ័យដោយមិននឹកស្មាន ក្រោមថ្វីជើង PSG ដែលរូបគេធ្លាប់លេងបាន ២រដូវកាល មុនពេលផ្លាស់មកលេងនៅ Major League Soccer ក្របខណ្ឌកំពូលអាមេរិក។

ប្រធានក្រុមពពកសអាហ្សង់ទីនរូបនេះ នៅសល់កិច្ចសន្យាជាមួយ Miami រហូតដល់ចប់រដូវកាលឆ្នាំ២០២៥ ក្នុងរដូវកាលទី២ របស់លោកនៅតំបន់អាមេរិកខាងជើង ជាដែនដីម្ចាស់ផ្ទះ World Cup នាឆ្នាំក្រោយនេះជាមួយមិចស៊ិក និងកាណាដាទៀតផង។

កម្មវិធី ៤ឆ្នាំម្តង Club World Cup ទំនងជាគ្មានវត្តមាន Messi ទៀតនៅឆ្នាំ២០២៩ ខាងមុខ ខណៈខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ នឹងកើនដល់វគ្គ ៤២ឆ្នាំផងនោះ៕