(ភ្នំពេញ)៖ ធនាគារ ហត្ថា ដែលជាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG (Mitsubishi UFJ Financial Group) បានប្រកាសពីការបន្ថែមដើមទុនថ្មីចំនួន ៨០លាន ដុល្លារអាមេរិក ដែលធ្វើអោយដើមទុនសរុបរបស់ធនាគារ ហត្ថា បានកើនឡើងដល់ ២២០ លាន ដុល្លារអាមេរិកដើម្បីគាំទ្រដល់ការរីកចម្រើនអាជីវកម្មរបស់ខ្លួន ។

ការវិនិយោគទុនបន្ថែមបញ្ជាក់ឲ្យឃើញថាធនាគារ ហត្ថា នៅតែបន្តរីកចម្រើនជាមួយនឹងចក្ខុវិស័យយូរអង្វែងនៃប្រតិបត្តិការអាជីកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា។

ការវិនិយោគទុននេះ ជាសក្ខីភាពថ្មីមួយទៀត ដែលមានតម្លៃដ៏វិសេសវិសាល និងការតាំងចិត្តដ៏មុតមាំរបស់ភាគទុនិករបស់ធនាគារ ហត្ថា គឺ MUFG ក្នុងការផ្លាស់ប្តូរផ្នែកហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន។ សម្រាប់កាបន្ថែមទុននេះ គឺជាចំណុចសំខាន់មួយក្នុងការជំរុញដល់ការពង្រីកសេវាកម្មរបស់ធនាគារ ហត្ថា ទៅដល់អតិថិជននៅគ្រប់វិស័យរួមមាន អតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME)ព្រមទាំងស្ថាប័នសាអាជីវកម្មធំៗជាច្រើនទៀត។ នេះបញ្ជាក់ឲ្យឃើញថាធនាគារ ហត្ថា ការប្តេជ្ញាចិត្តខ្ពស់ក្នុងបន្តធ្វើអាជីវកម្មប្រកបដោយចេរភាព ដែលមានចក្ខុវិស័យអាជីវកម្មច្បាស់លាស់ និងរក្សាជំហរដ៏រឹងមាំនៅក្នុងទីផ្សារហិរញ្ញវត្ថុនៃប្រទេសកម្ពុជា។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «ការវិនិយោគទុនថ្មីចំនួន ៨០ លាន ដុល្លារអាមេរិកពីម្ចាស់ភាគទុនិក គឺពិតជាមានសារៈសំខាន់ និងទាន់ពេលវេលាដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ខ្លួនទៅចាប់យកអតិថិជនជាលក្ខណៈបុគ្គលសហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាអាជីវកម្មធំៗជាច្រើនទៀត»

លោកបន្ថែមថា៖ «ការវិនិយោគទុននេះ  គឺជាការបង្ហាញយ៉ាងច្បាស់លាស់នៃការប្តេជ្ញាចិត្តដ៏មុតមាំ និងភាពជឿជាក់របស់ភាគទុនិក ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងក្នុងតំបន់អាស៊ានទាំងមូលផងដែរ។ ការដាក់បញ្ចូលដើមទុនបន្ថែមថ្មីនេះ គឺជាជំហានជោគជ័យដ៏ធំមួយទៀតសម្រាប់ធនាគារ ហត្ថា ហើយបានបញ្ជាក់យ៉ាងច្បាស់ពីតួនាទីដ៏សំខាន់របស់ធនាគារ ហត្ថា នៅក្នុងតំបន់អាស៊ាន។ ភាពជោគជ័យនេះ កើតឡើងបានដោយសារការគាំទ្រ និងការជឿទុកចិត្តយ៉ាងខ្លាំង ព្រមទាំងការសហការយ៉ាងពេញទំហឹងពីអ្នកពាក់ព័ន្ធ ទាំងអស់»