(បរទេស)៖ របាយការណ៍ពី The Information បានរាយការណ៍មកថា ក្រុមហ៊ុន Meta Platforms ដែលជាមេធំរបស់ Facebook និង Instagram កំពុងពង្រឹងក្រុមការងារស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន ដោយបានជួលអ្នកជំនាញ AI ល្បីៗចំនួន ៤ រូបបន្ថែមទៀតពីក្រុមហ៊ុន OpenAI ។ នេះបើតាមការចុះផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

អ្នកស្រាវជ្រាវទាំងបួនរូបនោះមានឈ្មោះថា Shengjia Zhao, Jiahui Yu, Shuchao Bi និង Hongyu Ren ដែលសុទ្ធតែបានយល់ព្រមចូលរួមជាមួយ Meta។ ការជួលបុគ្គលិកថ្មីនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី Meta ក៏បាននាំយកអ្នកស្រាវជ្រាវបីរូបទៀតពីការិយាល័យ OpenAI នៅទីក្រុង Zurich ផងដែរ គឺ Lucas Beyer, Alexander Kolesnikov និង Xiaohua Zhai។ នេះបើយោងតាមការចុះផ្សាយរបស់ Wall Street Journal។

គួរជម្រាបថា ក្រុមហ៊ុន Meta ថ្មីៗនេះបាននិងកំពុងជំរុញយ៉ាងខ្លាំងក្លាដើម្បីជួលអ្នកស្រាវជ្រាវកាន់តែច្រើនពី OpenAI ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់នាយកប្រតិបត្តិ (CEO) លោក Mark Zuckerberg ក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ (superintelligence)។ យ៉ាងណាមិញទាក់ទងនឹងបញ្ហានេះ ទាំង Meta និង OpenAI ដែលជាអ្នកបង្កើត ChatGPT នៅមិនទាន់មានការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារ Reuters នៅឡើយនោះទេ៕