(រតនគិរី)៖ នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែមិថុនានេះ បានរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា «Sports for All» ឆ្នាំ២០២៥ នៅខេត្តរតនគិរី ក្រោមប្រធានបទ «សុខភាពជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប»។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីផងដែរ។

នាឱកាសនោះ លោក វ៉ាត់ ចំរើន បានធ្វើការកោតសរសើរ ចំពោះកិច្ចសហការដ៏ល្អពីអាជ្ញាធរខេត្ត ដែលជំរុញការរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា ប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ។ ការរៀបចំទិវានេះ អនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៅបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស និងអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ និងទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំ ក្នុងគោលបំណងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈប្រយោជន៍នៃការហាត់ប្រាណ និងលេងកីឡា ដើម្បីលើកកម្ពស់សុខភាព សុខុមាលនភាព ភាពសប្បាយរីករាយ សាមគ្គីភាពរបស់ប្រជាជន និងចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងអភិវឌ្ឍន៍សង្គមជាតិ។

លោកបន្ដថា «រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា គឺជាទស្សនវិស័យថ្មីមួយ ដែលតម្រង់ទិសវិស័យកីឡាជាតិ ឈានទៅរកការធ្វើទំនើបកម្ម ដើម្បីសុខុមាលភាពរបស់ប្រជាជនគ្រប់រូប និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គមជាតិ និងឧត្តមភាពជាតិនៅលើឆាកអន្តរជាតិ។ បន្ទាប់ពីទទួលបានសមិទ្ធិផលជាប្រវត្តិសាស្ត្រនៃព្រឹត្តការណ៍ប្រកួតកីឡានានា រាជរដ្ឋាភិបាលបានប្រកាសទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ និងបានយកចិត្តទុកដាក់ បណ្តុះបណ្តាលពង្រឹងសមត្ថភាពកីឡាករគ្រប់កម្រិត ជាពិសេសថ្នាល យុវជនវ័យក្មេង អាយុក្រោម១៣ឆ្នាំឲ្យមានសមត្ថភាពខ្ពស់ បានចូលរួមប្រកួតដណ្តើមមេដាយឲ្យបានច្រើន លើកស្ទួយកិត្តិយសប្រទេសជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នាពេលខាងមុខ»

រដ្ឋលេខាធិការក្រសួងអប់រំដដែលបន្ដថា សម្រាប់ការរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា ក្រោមប្រធានបទ “សុខភាពជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប” នៅខេត្តររនគិរីឆ្នាំនេះដែរ គឺដើម្បីផ្សព្វផ្សាយ អំពីសារៈប្រយោជន៍ នៃការហាត់ប្រាណនិងលេងកីឡា និងឱ្យប្រជាជន យកចិត្តទុកដាក់ដល់សុខភាពជាចម្បង តាមរយៈចូលរួមសកម្មភាពហាត់ប្រាណនិងលេងកីឡា ដោយមិនគិតថាក្មេង ចាស់ ភេទ ឋានៈតួនាទី ឱ្យបានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត បញ្ញា ស្មារតី ការពារជំងឺ ដូចជាឆាប់ហត់ លើសឈាម ទឹកនោមផ្អែម ជំងឺរាំរ៉ៃមួយចំនួន និងកាត់បន្ថយការចំណាយលើសេវាសុខាភិបាល ជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ សហគមន៍ សង្គមកម្ពុជាទាំងមូល ប្រកបដោយសុខដុមនីយកម្ម។

ជាមួយគ្នាដែរ លោក ញ៉ែម សំអឿន ក្នុងនាមខេត្តម្ចាស់ផ្ទះ បានថ្លែងអំណរគុណក្រសួងអប់រំ ដែលបានជ្រើសរើសយកខេត្តរតនគិរី ជាទីកន្លែងរៀបចំទិវាកីឡាសម្រាប់យើងទាំងអស់គ្នាឆ្នាំនេះ ដែលជាព្រឹត្តការណ៍ ដ៏មានសារៈសំខាន់ សម្រាប់ខេត្ត ស្របពេលរដ្ឋបាលខេត្ត បានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកម្ពស់សុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការរៀបចំកន្លែងហាត់ប្រាណ ក្លឹបហាត់ប្រាណ ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការហាត់ប្រាណ និង លេងកីឡា ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋមានសុខភាពល្អ បង្កើននូវសាមគ្គីភាព មិត្តភាព ព្រមទាំការចូលរួមផ្សព្វផ្សាយអំពីគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកីឡាជាតិផងដែរ។

ដើម្បីអបអរសាទរទិវាកីឡាសម្រាប់ទាំងអស់គ្នា ឆ្នាំ២០២៥ នេះ នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានរៀបចំនូវសកម្មភាពកីឡាជាច្រើន រួមមានកីឡាជិះកង់ រត់ចម្ងាយ កីឡាសីស្លាបខ្មែរ គុនល្បុក្កតោ កីឡាទាញព្រ័ត្រ និងកីឡារាំហាត់ប្រាណតាមចង្វាក់ភ្លេងជាដើម ដោយមានសិស្សានុសិស្ស មន្ដ្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តចូលរួមសរុបប្រមាណជាង ១,០០០នាក់៕