(បរទេស)៖ ក្រុមហ៊ុន Tesla បានចាប់ផ្តើមដំណើរការស្ថានីយ៍សាកថ្មជំនាន់ទី៤ (V4 Superchargers) ជាផ្លូវការជាលើកដំបូងនៅក្នុងប្រទេសចិន នៅថ្ងៃទី៣០ មិថុនា ២០២៥។ ស្ថានីយ៍ទាំងនេះត្រូវបានដំឡើងនៅតាមតំបន់សំខាន់ៗដូចជា ទីក្រុង សាងហៃ, ទីក្រុង ឆុងឈីង, ខេត្ត កាន់សូ និងខេត្ត ចេជាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
ស្ថានីយ៍សាកថ្ម V4 នេះអាចបញ្ជូនថាមពលបានដល់ទៅ ៥០០គីឡូវ៉ាត់ ដែលលឿនជាងម៉ូឌែល V3 ជំនាន់មុន ហើយអាចប្រើសម្រាប់រថយន្តអគ្គិសនីគ្រប់ម៉ាកមិនត្រឹមតែរថយន្ត Tesla ទេ ឬរថយន្តម៉ាក់ផ្សេងនោះទេ។ វាគឺជាលើកដំបូងនៅប្រទេសចិនដែលស្ថានីយ៍សាក Tesla បើកដំណើរការជាសាធារណៈបែបនេះ។ Tesla បានបង្ហាញផែនការពង្រីកបន្តនូវស្ថានីយ៍ V4 ទៅទីក្រុង ប៉េកាំង, ខេត្ត ក្វាងទុង និងតំបន់សេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតនៅក្នុងប្រទេស។ លក្ខណៈពិសេសនៃស្ថានីយ៍ V4 Superchargers គឺសាកថ្មលឿនជាងមុន ពោលវាមានសមត្ថភាពផ្គត់ផ្គង់ថាមពលដល់ទៅ ៥០០គីឡូវ៉ាត់ និងគាំទ្របានគ្រប់ម៉ាករថយន្ត ដោយប្រើខ្សែសាកប្រភេទ GB/T ដែលសមរម្យសម្រាប់រថយន្តអគ្គិសនីនៅក្នុងចិន។ ក្រៅពីនេះវាមានបច្ចេកវិទ្យាទំនើប ដោយមានប្រព័ន្ធបញ្ជាសាកដោយ (RFID) ហើយអត់ចាំបាច់ប្រើ App របស់ Tesla ហើយវាជាការផលិតក្នុងស្រុក ពោលត្រូវបានផលិតនៅរោងចក្រ Tesla សាខាសាងហៃ។
គួរជម្រាបថា ប្រទេសចិនកំពុងស្ថិតនៅចំណុចកើនឡើងខ្លាំងនៃការអភិវឌ្ឍបណ្តាញសាកថ្មល្បឿនលឿនសម្រាប់រថយន្តអគ្គិសនី។ ក្រុមហ៊ុន BYD និងក្រុមហ៊ុនជាតិដទៃក៏កំពុងសាកល្បងបច្ចេកវិទ្យាសាកថ្មដែលអាចផ្គត់ផ្គង់ថាមពលដល់ទៅ ១,០០០គីឡូវ៉ាត់ ផងដែរ។ Tesla សព្វថ្ងៃមានស្ថានីយ៍សាកជាង ២,១០០ កន្លែង និង ចំណតសាកជាង ១១,៦០០ គ្រឿង នៅទូទាំងប្រទេសចិន៕