(ភ្នំពេញ)៖ ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី៣០ ខែមិថុនានេះ ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៩០គ្រឿង រួមមានមេដាយមាស ៤៨ ប្រាក់ ៣៦ និងសំរឹទ្ធ ៦ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃកន្លងទៅនៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

ពិធីបិទការប្រកួតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងលោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្ដរជាតិ ព្រមទាំងប្រតិភូ និងអត្តពលិក ៦ប្រទេសដែលចូលរួមការប្រកួតនេះផងដែរ។

ការប្រកួតនេះមានប្រតិភូ និងអត្តពលិកចូលរួមប្រមាណ ២០០នាក់ មកពី ៦ប្រទេស។ ការប្រកួតធ្វើឡើងពីថ្ងៃទី២៨-៣០ ខែមិថុនា ខណៈជាលទ្ធផល ក្រៅពីកម្ពុជាដែលឈ្នះមេដាយច្រើនជាងគេ គឺមានម៉ាឡេស៊ី ឈ្នះមេដាយសរុប ៥០គ្រឿង (មាស ១១ ប្រាក់ ១៧ និងសំរឹទ្ធ ២២), វៀតណាម ឈ្នះមេដាយសរុប ៣២គ្រឿង (មាស ២ ប្រាក់ ៥ និងសំរឹទ្ធ ២៥), ហ្វីលីពីន ឈ្នះមេដាយសរុប ១៦គ្រឿង (មាស ២ ប្រាក់ ១ និងសំរឹទ្ធ ១៣), សិង្ហបុរី ឈ្នះមេដាយសរុប ៥គ្រឿង (មាស ១ ប្រាក់ ២ និងសំរឹទ្ធ ២) និងឥណ្ឌូនេស៊ី ឈ្នះមេដាាយសរុប ២គ្រឿង (មាស ១ និងប្រាក់ ១)៕