(បរទេស)៖ រោងចក្រផលិតអាគុយលីចូម-អ៊ីយ៉ុង ដែលជាកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឥណ្ឌូណេស៊ី និងក្រុមហ៊ុន CATL របស់ចិន ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២៦ ជាមួយនឹងសមត្ថភាពដំបូង ៦,៩ ជីហ្គាវ៉ាត់ម៉ោង (GWh)។ នេះបើយោងតាមមន្ត្រីឥណ្ឌូណេស៊ីម្នាក់បានថ្លែងនៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ និងត្រូវបានចេញផ្សាយដោយ CNA។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលឥណ្ឌូនេស៊ី លោកស្រី Dwi Anggia បានឱ្យដឹងថា រោងចក្រនេះត្រូវបានគេរំពឹងថានឹងពង្រីកសមត្ថភាពដើម្បីផលិតអាគុយរថយន្តអគ្គិសនី (EV) ដែលមានសមត្ថភាពផ្ទុកដល់ទៅ ១៥ ជីហ្គាវ៉ាត់ម៉ោង ហើយទិន្នផលនឹងត្រូវលក់ទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ កិច្ចសហការរវាងក្រុមហ៊ុន Indonesia Battery និងក្រុមហ៊ុនយក្សចិន Contemporary Amperex Technology (CATL) គឺជាផ្នែកមួយនៃគម្រោងអាគុយថាមពលដែលមានតម្លៃ ៦ ពាន់លានដុល្លារ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២២ ដោយក្រុមហ៊ុនឥណ្ឌូណេស៊ី រួមទាំងក្រុមហ៊ុនរុករករ៉ែរដ្ឋ PT Aneka Tambang Tbk និងសម្ព័ន្ធក្រុមហ៊ុន CATL។ ភាពជាដៃគូនេះគ្របដណ្តប់លើការរុករករ៉ែនីកែល និងការកែច្នៃ ការផលិតអាគុយរថយន្តអគ្គិសនី និងការកែច្នៃអាគុយឡើងវិញ។
លោក Bahlil Lahadalia រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលឥណ្ឌូណេស៊ី ក្នុងឱកាសបើកការដ្ឋាន បានថ្លែងថា រោងចក្រនេះក៏អាចផលិតអាគុយសម្រាប់ផ្ទុកថាមពលពីផ្ទាំងសូឡាផងដែរ។ លោកបានបន្ថែមថា «ជាមួយនឹងអាគុយសម្រាប់ផ្ទាំងសូឡា សមត្ថភាពផលិតសរុបនៃរោងចក្រនេះអាចឡើងដល់ ៤០ជីហ្គាវ៉ាត់ម៉ោង» ហើយការពិភាក្សាជាមួយម្ចាស់គម្រោងកំពុងបន្ត។
គួរជម្រាបថា រោងចក្រផលិតអាគុយនេះនឹងត្រូវសាងសង់នៅតំបន់ West Java ខណៈដែលគម្រោងរងដែលនៅសេសសល់នឹងត្រូវសាងសង់នៅខេត្ត North Maluku ភាគខាងកើតឥណ្ឌូណេស៊ី ដែលសម្បូរទៅដោយរ៉ែនីកែល។ រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលជាប្រទេសមានទុនបំរុងរ៉ែនីកែលធំជាងគេបំផុតនៅលើពិភពលោក បានកំណត់គោលដៅមហិច្ឆតាផលិតរថយន្តអគ្គិសនីប្រហែល ៦០០,០០០ គ្រឿងត្រឹមឆ្នាំ២០៣០។ ចំនួននេះនឹងមានប្រហែល ១៣ ដងនៃចំនួនរថយន្តដែលបានលក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំមុន៕