(បរទេស)៖ Al-Hilal លេខ២ មកពីក្របខណ្ឌ Saudi-Pro League បានឆ្លងចូលវគ្គ ៨ក្រុមនៃព្រឹត្តិការណ៍ FIFA Club World Cup 2025 ដែលកំពុងរៀបចំឡើងនៅសហរដ្ឋអាមេរិក បន្ទាប់ពីទម្លាក់ក្រុមខ្លាំង Manchester City ក្នុងនាមម្ចាស់ការពារតំណែងជើងឯកកាលឆ្នាំ២០២៣។

Al-Hilal ជាក្រុមអាស៊ីតែមួយគត់ ក្នុងចំណោម ៤ក្រុមដែលលេង Club World Cup ជំនាន់ថ្មីតំណាងទ្វីបអាស៊ី ដែលបានឆ្លងផុតវគ្គសន្សំពិន្ទុ ៣២ក្រុម មុនពេលវាយបកទម្លាក់ Man City ៤-៣ ក្នុងម៉ោងថែម ១៥នាទី ២ដងនាព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅកម្ពុជា)។

ក្រុមមួយនេះទើបតែបានតែងតាំងលោក Simone Inzaghi ជាគ្រូបង្វឹកថ្មីរបស់ពួកគេក្រោមកិច្ចសន្យា ២ឆ្នាំកាលដើមខែមុន ក្រោយពេលបុរសសញ្ជាតិអ៉ីតាលីរូបនេះ ទើបដឹកនាំ Inter Milan បានត្រឹមរងជើងឯកពានអឺរ៉ុប UEFA Champions League 2024-25 ដែលបានចាញ់ Paris Saint Germain នៅវគ្គផ្តាច់ព្រ័ត្រ។

ការឡើងវគ្គ ១/៤ បន្តទៀតនេះ Al-Hilal ត្រូវប៉ះគូប្រជែង Fluminense មកពីលីគប្រេស៊ីល ដែលទើបទម្លាក់ក្រុមរងជើងឯកពានអឺរ៉ុបរដូវកាលមុន Inter មិនឱ្យតដៃរួច ក្រោមលទ្ធផល ២ទល់នឹង០ បញ្ចប់វគ្គ ១៦ក្រុមរបស់ពួកគេដែរ។

គិតមកទល់ពេលនេះ កម្មវិធី ៤ឆ្នាំម្តង CWC 2025 បានរកឃើញ ៦ក្រុមហើយបានឆ្លងចូលវគ្គ ៨ក្រុមរួមមាន Palmeiras ប៉ះ Chelsea, Paris Saint Germain ជួប Bayern Munich និង Fluminense ប៉ះ Al-Hilal ដោយរង់ចាំ ១គូទៀតរវាង Real Madrid ប៉ះ Juventus ហើយ Borussia Dortmund ត្រូវលេងបិទវគ្គ ១៦ក្រុមទល់នឹង Monterrey នារាត្រីនេះតែម្តង៕