(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារី នៃក្លិបភ្នំពេញក្រោន នឹងធ្វើម្ចាស់ផ្ទះវគ្គជម្រុះបឋម(Preliminary Stage) នៃជើងឯកបាល់ទាត់នារីទ្វីបអាស៊ី AFC Women's Champions League 2025/26 ដែលគ្រោងប្រព្រឹត្តទៅពីថ្ងៃទី២៣-៣១ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។

ចំពោះការចាប់ឆ្នោតបែងចែកពូល ដើម្បីធ្វើការប្រកួតជម្រុះបឋមខាងលើ នឹងប្រព្រឹត្ដទៅ នាថ្ងៃទី៣ ខែកក្កដាខាងមុខ ដោយបែងចែកជា ៥ពូល ក្នុងនោះ ៤ពូលមាន ៤ក្រុមស្មើគ្នា គ្រាដែលមួយពូលទៀត មានតែ ៣ក្រុមប៉ុណ្ណោះ ដើម្បីធ្វើការប្រកួតជម្រុះ ហើយក្រុមកំពូលតារាងទាំង ៥ នឹងត្រូវឡើងទៅជុំចុងក្រោយ ដែលមានបេក្ខភាព ៧ក្រុមទៀត កំពុងឈរចាំ។

ក្រៅពីក្លិបភ្នំពេញក្រោន តំណាងកម្ពុជា ដែលត្រូវធ្វើម្ចាស់ផ្ទះវគ្គជម្រុះបឋមតាមពូល នៅមាន ៤ក្រុមទៀត ដែលទទួលធ្វើម្ចាស់ផ្ទះដូចគ្នា រួមមានក្លិប Kelana United របស់ម៉ាឡេស៊ី, ក្លិប ISPE WFC របស់មីយ៉ាន់ម៉ា, ក្លិប Master FC របស់ឡាវ និងក្លិប PFC Nasaf របស់អ៊ូបេគីស្ថាន។

ក្នុងនាមក្រុមជើងឯកលីគនារី ឆ្នាំ២០២៤/២៥ ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានក្លាយជាក្រុមបាល់ទាត់នារីកម្ពុជាដំបូង ដែលទទួលបានកៅអីចូលរួមការប្រកួតបាល់ទាត់នារីជើងឯកទ្វីបអាស៊ី AFC Women's Champions League(AWCL) ឆ្នាំ២០២៥/២៦ ។ នេះបើយោងតាមការជូនដំណឹងផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្មីៗ៕