(ភ្នំពេញ)៖ លោក គង់ ផល្លី ប្រធានក្លិបកីឡាវាយសី SNP បានបង្ហាញនូវចក្ខុវិស័យវែងឆ្ងាយក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការលេងកីឡា ក៏ដូចជារួមចំណែកអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា តាមរយៈគម្រោងរៀបចំពានក្របខណ្ឌមហាជនយ៉ាងហោច ១ឆ្នាំ ២ ទៅ ៣ដង ដោយផ្ដោតជាពិសេសលើថ្នាលអាយុក្រោម ១០ឆ្នាំ(U10) ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីបន្ដវេន សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។

ការលើកឡើងនេះ បន្ទាប់ពីក្លិបបានរៀបចំពិធីសូត្រមន្ដសម្ពោធបើកដំណើរក្លិបរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីក្លិបបានបើកដំណើរការសាកល្បង ដោយផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋរស់នៅតំបន់ព្រែកលៀប ពិសេសសិក្សានុសិស្សចូលលេងកម្សាន្ដដោយឥតគិតថ្លៃរយៈពេលកន្លះខែកន្លងមក ជាមួយសន្ទុះនៃការគាំទ្រ និងការចូលរួមលេងយ៉ាងច្រើន។

ក្រោយបើកដំណើរក្លិបខាងលើ លោកថា ក្លិបនឹងនៅតែបន្ដផ្ដល់លក្ខខណ្ឌពិសេសដល់សិស្សានុសិស្ស ដែលមកហ្វឹកហាត់ និងលេងពេលព្រឹក ដល់រសៀលក្នុងតម្លៃ ១ដុល្លារប៉ុណ្ណោះ។ ការកំណត់លក្ខខណ្ឌនេះ ព្រោះលោកចង់ជំរុញឲ្យសិស្សានុសិស្ស ក្រោយទំនេរពីការសិក្សា ងាយមកលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងចៀសឆ្ងាយពីការយកពេលវេលាទៅប្រព្រឹត្តអំពើសង្គមស្អប់ខ្ពើម ក៏ដូចជាការលេងទូរស័ព្ទឥតប្រយោជន៍ជាដើម។

ទន្ទឹមជាមួយគ្នា ដោយសង្កេតឃើញមានសិស្សានុសិស្សជាច្រើន បានចាប់អារម្មណ៍លេងច្រើន គួបផ្សំមានសមត្ថភាពគួរឲ្យកត់សម្គាល់ផង ក្លិបគ្រោងនឹងរៀបចំការប្រកួតពានរង្វាន់ប្រចាំក្លិបលើកដំបូង នាខែសីហាខាងមុខ និងគម្រោងបន្ដរៀបចំពានយ៉ាងហោច ១ឆ្នាំ ២ ទៅ ៣ដង ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនី ដែលហ្វឹកហាត់ទាំងអស់ បានបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ពិសេសគឺក្មេងៗអាយុក្រោម ១០ឆ្នាំតែម្ដង។

លោកបន្ដថា «យើងមានគម្រោងរៀបចំកម្មវិធីប្រកួតយ៉ាងតិច ២ ទៅ ៣ដង ក្នុងនោះយើងចាប់អារម្មណ៍ជាងគេ គឺក្មេងៗ ក្រោមអាយុ ១០ឆ្នាំ ហើយខែសីហាខាងមុខនេះ យើងនឹងធ្វើកម្មវិធីសម្រាប់ក្មេងៗក្រោមអាយុ ១០ឆ្នាំ ព្រោះខ្ញុំមើលឃើញសន្ទុះនៃការលេងរបស់កុមារក្រោមអាយុ ១០ឆ្នាំ ពួកគាត់លេងបានល្អច្រើន ។ អ៊ីចឹងយើងអាចជ្រើសរើសពួកគាត់មកប្រកួតប្រចាំក្លិបមួយ ជារៀងរាល់កម្មវិធី យើងនឹងព្យាយាមបញ្ជ្រាបវិញ្ញាសាថ្នាលចូល ដើម្បីផ្ដល់ឱកាសឲ្យកុមារបានចូលរួម និងបង្ហាញសមត្ថភាព»

«ការបញ្ជ្រាបថ្នាលនេះ ដោយសារពួកគេ គឺជាទំពាំងស្នងឬស្សី ។ ក្មេងជំនាន់ក្រោយនេះ ឃើញថា ស្រលាញ់វិស័យកីឡាវាយសីច្រើន ទាំងនៅតាមសាលារៀន និងគ្រប់ទីកន្លែង ហើយត្រូវជំរុញឲ្យគាត់កាន់តែចេះស្ទាត់ជំនាញ ហើយអនាគត គាត់អាចនឹងក្លាយជាជម្រើសជាតិតំណាងប្រទេសរបស់យើងផងដែរ»។ លោក គង់ ផល្លី បន្ថែម។

ទន្ទឹមជាមួយការបើកដំណើរផ្លូវការ ក្លិបក៏បានត្រៀមនូវគ្រូបង្វឹកមានបទពិសោធន៍យូរឆ្នាំ និងជាអតីតកីឡាករជម្រើសជាតិជាច្រើន ដើម្បីចូលរួមបង្ហាត់បង្រៀន ចែករំលែកនូវចំណេះជំនាញច្បាស់លាស់ ដល់កីឡាករ-កីឡាការិនី ដែលចាប់អារម្មណ៍ចូលរួមហ្វឹកហាត់ជាមួយក្លិប ខណៈកីឡាករ-កីឡាការិនី ដែលវិវឌ្ឍន៍អាជីពក្លាយជាសមាជិករបស់ក្លិប នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ៕