(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ មានមោទកភាពក្នុងការប្រកាសរៀបចំព្រឹត្តិការណ៍ «ភូមិអាជីវករឆ្លាត៧១៨» ក្នុងឱកាសអបអរសាទរខួប១០ឆ្នាំរបស់ខ្លួន ដែលគ្រោងប្រព្រឹត្តិធ្វើនៅថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៥ នៅអគារ Connexion កោះពេជ្រ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះធ្វើឡើង មិនត្រឹមតែជាការអបអរសាទរមួយទសវត្សរ៍ នៃការប្តេជ្ញាចិត្តចំពោះឧត្តមភាព នវានុវត្តន៍ និងទំនាក់ទំនងក្នុងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបង្ហាញពីការយកចិត្តទុកដាក់យូរអង្វែង របស់ធនាគារក្នុងការជំរុញវប្បធម៌ ភាពច្នៃប្រឌិត និងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ ធនាគារ ព្រីនស៍ បានរៀបចំសន្និសីទសារព័ត៌មាន សម្រាប់ការប្រកាសព្រឹត្តិការណ៍ ភូមិអាជីវករឆ្លាត៧១៨ ជាផ្លូវការ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅសាលរោងភាពយន្ត មេជើ ស៊ីនេផ្លិច ក្នុងផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស រួមមាន នាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ព្រីនស៍ ដៃគូអាជីវកម្ម និងតំណាងអ្នកសារព័ត៌មានជាដើម។
ព្រឹត្តិការណ៍មួយនេះនឹងត្រូវចាប់ផ្តើមចាប់ពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយរៀបចំការជួបជុំអាហារពេលល្ងាចជាពិសេសសម្រាប់ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយស ដែលបានគាំទ្រសេវាកម្មធនាគារ ព្រីនស៍ រយៈពេល១០ឆ្នាំមកនេះ។ ចំពោះពីរថ្ងៃបន្ទាប់នៃព្រឹត្តិការណ៍ ភូមិអាជីវករឆ្លាត៧១៨ យើងនឹងបើកទ្វារស្វាគមន៍សាធារណជនទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមប្រារព្ធរួមគ្នា ចាប់ពីម៉ោង១០៖០០នាទីព្រឹក ដល់ម៉ោង ១០៖០០នាទីយប់ ក្រោមប្រធានបទ «មួយទសវត្សរ៍នៃការលះបង់»។
លោក Looi Kok Soon នាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា «ក្នុងការប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់នេះ យើងពិតជាមានមោទកភាពចំពោះវឌ្ឍនភាព ដែលយើងបានសាងរួមគ្នា និងទន្ទឹងរង់ចាំនូវអ្វីដែលអស្ចារ្យកើតមាននៅថ្ងៃខាងមុខទៀត។ ភូមិអាជីវករឆ្លាត៧១៨ ធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការផ្តល់សិទ្ធិអំណាចដល់អាជីវកម្មក្នុងស្រុក និងរក្សាទំនាក់ទំនងដ៏មានអត្ថន័យនៅក្នុងសហគមន៍។ នេះគឺជារបៀបដែលយើងសម្តែងការអរគុណ និងតបស្នងទៅដល់អតិថិជនដែលបានគាំទ្រយើងក្នុងដំណើរមួយនេះ»។
ដើម្បីចាប់ផ្តើមកម្មវិធីនេះ ធនាគារ ព្រីនស៍ នឹងធ្វើការចែកជូន ប័ណ្ណទិញទំនិញ២ដុល្លារ ដល់អ្នកចូលរួម ១០០០នាក់ដំបូង ក្នុងថ្ងៃព្រឹត្តិការណ៍ ភូមិអាជីវករឆ្លាត៧១៨។ ភ្ញៀវទាំងអស់ ត្រូវបានអញ្ជើញឱ្យចូលរួមបរិភោគអាហារយ៉ាងរីករាយជាមួយយើង និងក្លាយជាផ្នែកមួយក្នុងឱកាសពិសេសនេះ។ ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនផលិតផលក្នុងស្រុកមកពីស្ថាប័នខុសៗគ្នាជាង ១០០កន្លែង នឹងបង្ហាញខ្លួននៅ ភូមិអាជីវករឆ្លាត៧១៨ ដែលបំប្លែងទីធ្លាអគារ Connexion ទៅជាមជ្ឈមណ្ឌលដ៏រស់រវើកមួយ នៃការដើរទិញឥវ៉ាន់ការបរិភោគអាហារ និងការកម្សាន្តជាដើម។ អ្នកចូលរួមអាចស្វែងយល់ពីភាពចម្រុះនៃផលិតផលក្នុងស្រុក និងប្រេនដ៏មានភាពច្នៃប្រឌិតនៅតាមស្តង់នីមួយៗ និងរីករាយជាមួយនឹងការទូទាត់ដ៏ងាយស្រួលតាមរយៈ PRINCE KHQR។ ជាមួយការចូលរួមដោយឥតគិតថ្លៃ ប្រជាជនកម្ពុជាទាំងអស់អាចចូលរួមក្នុងការប្រារព្ធពិធីដោយសេរី ដែលជាបណ្តុំនៃសហគ្រិនភាព និងភាពច្នៃប្រឌិត។ អ្នកចូលរួមក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ៥០% ឬច្រើនបំផុត១ដុល្លារ សម្រាប់ការកក់មធ្យោបាយធ្វើដំណើរទៅមកអគារ Connexion តាមរយៈកម្មវិធី TADA ក្នុងថ្ងៃប្រារព្ធព្រឹត្តិការណ៍នេះផងដែរ។
លើសពីកន្លែងទិញទំនិញ ព្រឹត្តិការណ៍នេះសន្យាថា នឹងនាំមកនូវបទពិសោធន៍ពិសេសៗ ជាមួយនឹងការចូលរួម និងការកម្សាន្តសម្រាប់មនុស្សគ្រប់វ័យ។ អ្នកចូលរួមអាចរីករាយជាមួយភេសជ្ជៈ និងអាហារសម្រន់ដោយឥតគិតថ្លៃ ការចូលរួមក្នុងសកម្មភាពសប្បាយៗដែលរៀបចំឡើង ដោយដៃគូរបស់ធនាគារ ព្រីនស៍ ដូចជា ក្លិបបាល់ទាត់វិសាខា ការគូរគំនូរលើជញ្ជាំងយក្ស និងម៉ាស៊ីនចាប់តុក្តតា និងចាប់លុយជាដើម។ យើងក៏មានរៀបចំសួនកម្សាន្តសម្រាប់កុមារជាពិសេស ដើម្បីឱ្យពួកគេអាចទទួលបាននូវភាពរីករាយ និងបទពិសោធន៍ដែលមិនអាចបំភ្លេចបានផងដែរ។
អ្នកចូលរួមនឹងកាន់តែរំភើប និងមិនអាចខកខានបាន ជាមួយបទពិសោធន៍នៃការសម្តែងក្បាចរាំ K-pop ដ៏គួរឱ្យទាក់ទាញបំផុតពីក្រុម Arrow Plas តន្ត្រី EDM ដ៏កន្ត្រាក់អារម្មណ៍ពេលរាត្រី ការប្រកួតញ៉ាំអាហារដ៏រំភើប និងការញ៉ាំស្រាបៀរដោយឥតគិតថ្លៃ រយៈពេលមួយម៉ោងពេញ ចាប់ពីម៉ោង២៖០០នាទីរសៀលដល់ម៉ោង៣៖០០នាទីរសៀល ដោយ Botanico Craft Beer Garden។ លើសនេះទៅទៀត សិល្បករខ្មែរដ៏ល្បីនៅកម្ពុជាចំនួនពីររូប គឺអ្នកនាង រ៉ាប៊ី និងលោក ទេព ពិសិដ្ឋ ក៏នឹងបង្ហាញខ្លួនក្នុងថ្ងៃព្រឹត្តិការណ៍ទាំងពីរថ្ងៃផងដែរ ដើម្បីនាំទស្សនិកជនទាំងអស់ច្រៀងរាំតាមចង្វាក់ភ្លេង និងបង្កើនបរិយាកាសឱ្យកាន់តែអស្ចារ្យ និងរំភើបទ្វេដង។ បន្ថែមពីលើការអបអរសាទរខួបលើកនេះ ធនាគារ ព្រីនស៍ បានផលិតភាគយន្តខ្លីគឺ «រឿងរ៉ាវរបស់យើង» ដែលជាប្រភេទរឿងភាគខ្លីចំនួន៤ភាគតៗគ្នា ដោយសាច់រឿងបង្ហាញពីការរៀបរាល់រឿងរ៉ាវដ៏ខ្លោចផ្សា និងបង្កប់នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ យើងបានចាក់ផ្សាយនូវភាគ១ និងភាគ២ជាលើកដំបូង និងជាផ្លូវការនៅក្នុង សន្និសីទសារព័ត៌មាន ដើម្បីជាប្រទីបក្នុងការប្រទាក់អារម្មណ៍ទស្សនិកជន ឱ្យអន្ទះសាចង់ដឹងថា នឹងមានរឿងរ៉ាវអ្វីកើតឡើងនៅភាគបន្ទាប់ទៀត។
រឿងរ៉ាវរបស់យើង ជាភាគយន្តខ្លីដែលនិយាយអំពីទឹកចិត្តម្តាយ ដែលធ្វើដំណើរត្រឡប់មកមាតុប្រទេសវិញ ដើម្បីស្វែងរកកូនប្រុសរបស់គាត់ ដែលគាត់បានបង្ខំចិត្តចាកចេញកាលពីដប់ពីរឆ្នាំមុន បន្ទាប់ពីការលែងលះដ៏ឈឺចាប់មួយ។ តាមរយៈប្រធានបទនៃសេចក្ដីស្រឡាញ់ ការលះបង់ ការអភ័យទោសនិងការសង្គ្រោះ គឺត្រូវបានបង្ហាញទាំងអស់នៅក្នុងសាច់រឿងតែមួយ ដើម្បីផ្តល់ឱ្យទស្សនិកជននូវអារម្មណ៍ជ្រាលជ្រៅ និងដិតជាប់ក្នុងចិត្ត។ លើសពីការប្រឌិតសាច់រឿង នៅក្នុងភាគយន្តខ្លី «រឿងរ៉ាវរបស់យើង» បានបង្កប់នូវគោលការណ៍ដូចគ្នាទៅនឹងធនាគារ ព្រីនស៍ ដែលតែងប្រកាន់ខ្ជាប់ក្នុងដំណើរវិវឌ្ឍន៍មួយទសវត្សរ៍កន្លងមកនេះ ក្តីមេត្តា ភាពធន់រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការផ្តល់សេវាកម្ម និងគាំទ្រដល់សហគមន៍កម្ពុជា។ តាមរយៈសាច់រឿងនេះ ពិតជាបានឆ្លុះបញ្ចាំង និងសមស្របទៅនឹងរបៀបដែលធនាគារព្រីនស៍ បានបម្រើ និងរក្សាទំនាក់ទំនងជាមួយអតិថិជន និងសាធារណជន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
រឿង២ភាគដំបូងនៃភាគយន្តខ្លីរបស់យើង ក៏មានចាក់បញ្ចាំងលើទំព័រ Facebook និងឆានែល YouTube ផ្លូវការរបស់ធនាគារ ព្រីនស៍ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ផងដែរ ខណៈដែលភាគចុងក្រោយនឹងត្រូវបានចាក់បញ្ចាំង ក្នុងកម្មវិធីជួបជុំអាហារពេលល្ងាច នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ យើងក៏បានត្រៀមរៀបចំកម្មវិធីពិសេសក្នុងព្រឹត្តិការណ៍នៅថ្ងៃទី១៩ ខែកក្កដា ដោយមានការសម្តែងដោយផ្ទាល់នៃបទចម្រៀង «Meet-and-Greet» ដោយសិល្បករខ្មែរដ៏មានទេពកោសល្យមួយរូបគឺ លោក Glomyy Vincent ដែលលោកបានផលិតលំនាំបទចម្រៀង និងសរសេរដោយផ្ទាល់ដៃជាពិសេស សម្រាប់ភាគយន្ត រឿងរ៉ាវរបស់យើង។
ធនាគារ ព្រីនស៍ សូមគោរពអញ្ជើញសាធារណជនទាំងអស់ ចូលរួមឱ្យបានច្រើនកុះករក្នុងការប្រារព្ធព្រឹត្តិការណ៍អបអរសាទរ មួយទសវត្សរ៍នៃការលះបង់នៅភូមិអាជីវករឆ្លាត៧១៨ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងអារម្មណ៍ពិសេសពីភាពយន្តខ្លី រឿងរ៉ាវរបស់យើង ដែលផ្សាភ្ជាប់ទៅនឹងបេះដូង និងក្តីស្រលាញ់សម្រាប់សហគមន៍ គ្រួសារ និងក្តីសង្ឃឹម៕