(ភ្នំពេញ)៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា រំពឹងការបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទះកម្រិតអន្ដរជាតិ នឹងជំរុញដល់ការផលិតធនធានកីឡាករកាន់តែមានស្ដងដារនៅទូទាំងប្រទេស ដើម្បីចម្រាញ់បាននូវអត្តពលិកដ៏មានគុណភាពសម្រាប់ប្រមូលផ្ដុំជម្រើសជាតិត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។
ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងក្រោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សហការជាមួយសហព័ន្ធ បានរៀបចំវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាបាល់ទះកម្រិតC ចាប់ពីថ្ងៃទី១-៥ ខែកក្កដា ឆ្នាំ២០២៥ ក្រោមគម្រោងថវិការបស់អង្គការសាមគ្គីអូឡាំពិក ។ វគ្គនេះ បង្រៀនដោយគ្រូឧទ្ទេសជនជាតិស្វីស លោក Dusan Jarotta មកពីសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIVB) និងមានសិក្ខាកាម ៤៥នាក់ចូលរួម។
លោកបន្ដថា ធម្មតាវគ្គបណ្ដុះបណ្ដាលកម្រិតអន្ដរជាតិបែបនេះ អនុញ្ញាតឲ្យមានសិក្ខាកាមចូលរួមយ៉ាងហោច ២៥នាក់ប៉ុណ្ណោះ តែដោយសារកាទូតកីឡារបស់សហព័ន្ធល្អប្រសើរ បានស្នើឲ្យមានសិក្ខាកាមចូលរួមរហូតដល់ ៤៥នាក់ ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំសហព័ន្ធ ដែលខិតខំជំរុញឲ្យមានការបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតអន្ដរជាតិឲ្យបានច្រើន ដើម្បីធានាការដុសខាតសមត្ថភាពគ្រូបង្វឹកកម្ពុជា ឆ្ពោះទៅរកសមត្ថភាពគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាបាល់ទះកម្ពុជា។
មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែលបន្ដថា «ខ្ញុំសង្ឃឹមថា សិក្ខាកាមទាំងអស់ គាត់នឹងទទួលបានចំណេះជំនាញពិតប្រាកដ ហើយគាត់នឹងក្លាយជាគ្រូបង្គោលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការបណ្ដុះបណ្ដាលអត្តពលិករបស់យើង...។ វគ្គនេះ ពិតជាសំខាន់ ព្រោះបើសិនជាគ្រូមិនខ្លាំងទេ យើងពិបាកនឹងធ្វើឲ្យអត្តពលិកយើងខ្លាំងណាស់ ។ អ៊ីចឹងនៅពេលដែលក្លិបទាំងអស់ មានគ្រូបង្វឹកខ្លាំង ច្បាស់ណាស់ សហព័ន្ធនឹងងាយស្រួលក្នុងការជ្រើសរើសអត្តពលិក ដែលមានកម្រិតស្ដង់ដារគ្រប់គ្រាន់ មកប្រមូលផ្ដុំហ្វឹកហាត់ជម្រើសជាតិ ហើយជំរុញការអភិវឌ្ឍសមត្ថភាពពួកគាត់កាន់តែលឿនថែមទៀត»។
តាមរយៈវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតអន្ដរជាតិខាងលើដែរ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានអំពាវនាវដល់សិក្ខាកាមទាំងអស់ ត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការសិក្សានូវមូលដ្ឋានគ្រឹះ និងបច្ចេកទេស ក៏ដូចជាក្បួនច្បាប់ថ្មីៗ ដែលបង្រៀនដោយគ្រូឧទ្ទេសលោក Dusan Jarotta ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាធនធានគ្រូបង្វឹកកម្រិតអន្ដរជាតិ ហើយចូលរួមអភិវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត៕